(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា ទោះជាស្ថានភាពប្រទេសម៉ាលីជួបការលំបាកវឹកវរ ក៏កម្ពុជានៅតែរក្សាជំហររបស់ខ្លួន មិនដកកងកម្លាំងរក្សាសន្តិភាព ចេញពីប្រទេសម៉ាលីនោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា បច្ចុប្បន្ននេះ ស្ថានភាពនៅប្រទេសម៉ាលី សង្រ្គាមវឹកវរ កើតជាបន្តបន្ទាប់នៅក្នុងព្រៃ ដោយមានក្រុមអាល់កៃដា និងក្រុមផ្សេងៗទៀត ដោយឡែកនៅក្នុងក្រុងក៏ជួបភាពវឹកវរដោយបាតុកម្ម គ្រប់កន្លែង។ ដោយមើលឃើញ ស្ថានភាពបែបនេះហើយ ទើបនៅសប្តាហ៍មុននេះ សម្តេចបានចុះហត្ថលេខាដើម្បីបញ្ចេញនូវថវិកា ប្រមាណ១៥លានដុល្លារ ដើម្បីទិញរថពាសដែក បញ្ជូនទៅឱ្យកងទ័ពមួកខៀវកម្ពុជា នៅទីនោះ ដោយសារតែអង្គការសហប្រជាជាតិ អត់មានថវិកា ដើម្បីបំពាក់សម្ភារៈនេះ។
សម្តេចបានបញ្ជាក់ជំហរថា៖ «យើងមិនបណ្តោយឱ្យកងទ័ពយើងគ្រោះថ្នាក់ដោយសារអត់អាវុធទេ ឥឡូវបំពាក់ទៅនេះគឺដាក់រថពាសដែក មិនមែនសម្រាប់ដេញបុកគេទេ ត្រូវដាក់យ៉ាងហោចណាស់យ៉ាងហោចណាស់១២.៧ ឬ ១៤,៥ មីលីម៉ែត្រ នៅពីលើអាហ្នឹង ដើម្បីធានាកងទ័ពរបស់យើងនៅទីនោះ ហើយយើងក៏មិនដកកងទ័ពរបស់ យើងនៅម៉ាលីដែរ»។
នៅពេលដែលនិយាយដល់ចំណុចលំបាករបស់ប្រទេសម៉ាលី ដោយសារតែសង្រ្គាមនេះ សម្តេចតេជោ ហ៊ុន សែន បានក៏បានរំលឹកអំពីការលំបាករបស់កម្ពុជា ក្នុងសម័យសង្រ្គាមតែម្តង ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ។ សម្តេចក៏បានបន្តទៀតថា ទោះជាក្រោយចប់សង្រ្គាមក៏ដោយ ការបង្រៀនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក៏នៅតែជួបការលំបាក់ ហើយលោកគ្រូអ្នកគ្រូពេលនោះ បានលះបង់ខ្លាំងក្លាណាស់ ដើម្បីពង្រឹងធនធានមនុស្សរបស់កម្ពុជា៕