(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសសើរដល់ទឹកចិត្តរបស់មេប៉េអឹម ខេត្តក្រចេះ និងនគរបាលខេត្តព្រៃវែង ដែលបាននាំកូនរបស់ខ្លួន ដែលបានប្រព្រឹត្តកំហុស មកសារភាពទោសរបស់ពួកគេ នៅចំពោះមុខច្បាប់។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវខ្ញុំគិតថា វាដល់ពេលវេលាមិនមែនគ្រាន់តែអប់រំ ត្រឹមតែកូនសិស្សទេ ផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក៏ត្រូវធ្វើដែរ គ្រាន់តែពីរថ្ងៃសោះ កើតមិនដឹងប៉ុន្មានរឿងទេ ប៉ុន្តែជាការល្អហើយ ដែលមេប៉េអឹមខេត្តក្រចេះ បានឱ្យកូនចេញមក ដើម្បីទទួលទោសកំហុស ក្នុងពេលដែលយកអាវុធទៅភ្ជង់គូជម្លោះ ហើយនៅករណីបាញ់សម្លាប់ ដែលចាត់ទុកថាចោរ ក៏ត្រូវបានឪពុកលើកទឹកចិត្តឱ្យមកសារភាពទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពាវនាវ ដល់ថ្នាក់ដឹកនាំស្ថាប័ននានា ត្រូវយកចិត្តទុកដាក់ អប់រំ ពង្រឹងគុណធម៌ សម្រាប់សិស្សនិស្សិត ដែលបច្ចុប្បន្ននេះ បញ្ហាសីលធម៌ត្រូវបានវាយលុកយ៉ាងខ្លាំង ពីសំណាក់អ្នកខាងក្រៅទៅលើបញ្ហាគុណធម៌ ទៅលើបញ្ហាវប្បធម៌ ប៉ុន្តែរឿងសំខាន់ជាងគេ គឺទាក់ទងនឹងគ្រឿងញៀន និងអំពើល្មើសមួយចំនួន រាប់ទាំងបញ្ហាទាក់ទងនឹងចរាចរណ៍តែម្តង។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បន្តថា ទោះជាយ៉ាងណាបទល្មើស នៅតែបន្តកើតឡើង គឺបណ្តាលមកពីនៅក្នុងខ្លួនរបស់បុគ្គលទាំងនោះ អត់មានគុណធម៌ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡាន ដែលបានបើកយ៉ាងលឿនទៅបុកម៉ូតូ បណ្តាលឱ្យនិស្សិតស្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ទាំងនេះគឺកើតចេញមកពីអ្នកបើកបរអត់គុណធម៌នេះតែម្តង៕