(ភ្នំពេញ)៖ លោក ឈិន ហាវ លេខាបក្សខេត្តយូណាន ប្រទេសចិន បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញការពន្លឿនការសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាបអង្គរ។
ការសន្យានេះ ធ្វើឡើងក្នុងឱកាសដែលលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ នៅវិមានាសន្តិភាព។ នេះបើតាមការឲ្យដឹងពី លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូតនិគម លើផ្ទៃដី៧០០ហិកតា។
បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបនេះ លោក ឈិន ហាវ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងខេត្តយូណាន ប្រទេសចិន។ លោកបានបន្តថា បច្ចុប្បន្នខេត្ដយូណាន មានក្រុមហ៊ុនចំនួន២៥ បាននិងកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលមានទុនជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជានៅពេលនេះ លេខាបក្សខេត្តយូណានរូបនេះ បានអបអរសាទរនូវអ្វីដែលជាការរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ហើយលោកចង់ឃើញការរីកចម្រើន នូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងខេត្តយូណានបន្ថែមទៀត ជាពិសេសក្នុងក្របខណ្ឌផ្លូវមួយខ្សែក្រវ៉ាត់មួយ។
បន្ថែមពីនេះ លោកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ខេត្តយូណាន គឺជាខេត្តមួយ ដែលមានការរីកចម្រើន លើវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចរទៅទស្សនា យ៉ាងច្រើន។ ក្នុងន័យនេះ លោកចង់ឲ្យមានកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍នេះ ដោយជួយជំរុញឲ្យចំនួនភ្ញៀវទេសចរ ដែលបានទៅទស្សនានៅក្នុងខេត្តយូណាន បន្តមកទស្សនានៅក្នុងប្រទេសកម្ពុជា។
ស្របពេលដែរ បច្ចុប្បន្ននិស្សិតកម្ពុជាប្រមាណ១,៨០០នាក់ កំពុងសិក្សានៅខេត្តយូណាននោះ, លោកសន្យាថា នឹងបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅទីនោះបន្ថែមទៀត ហើយបានសន្យា នឹងជំរុញវិនិយោគិន នៅក្នុងខេត្តយូណាន មកបន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងន័យនេះ លោកស្នើដល់សម្តេចឲ្យបន្តគាំទ្រដល់វិនិយោគិន មកពីខេត្តយូនណាន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ព្រមជាមួយនោះ លោកបានប្ដេជ្ញាថា នឹងបង្កើនល្បឿននៃការសាងសង់ អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ខេត្តយូណាន គឺជាខេត្តដែលជាប់ទៅនឹងតំបន់អាស៊ាន ក្នុងន័យនេះ សម្តេចជំរុញឲ្យបន្តទំនាក់ទំនងរវាងកម្ពុជា និងខេត្តយូណាន។ សម្ដេចចង់ឲ្យមានការបង្កើនទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងខេត្តយូណាន ឲ្យកាន់តែមានទំហំច្រើនបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា ដោយសារតែខេត្តយូណាន គឺជាខេត្តដ៏មានសក្តានុពលជាច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជានោះ, សម្ដេចបានស្នើឲ្យក្រុមហ៊ុនរបស់ខេត្ដយូណាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សូមនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្នទំហំពាណិជ្ជកម្ម រវាងចិន និងកម្ពុជា មានទំហំធំណាស់ ដែលមានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិក ដូច្នេះការរក្សាបាន និងបង្កើនទំហំពាណិជ្ជកម្មថែមទៀតនេះ គឺទាមទារឲ្យក្រុមហ៊ុនចិន បន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានលើកឡើងដែរថា ចិន គឺជាដៃគូយុទ្ធសាស្ត្រពិត សម្រាប់ប្រទេសកម្ពុជា៕