(ញ៉ូវយ៉ក-អាមេរិក)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពី ការរក្សាសន្តិភាពត្រូវបានប្រារព្ធធ្វើនៅ ទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងលោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិរួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និងលោក កែ សុវណ្ណ ឯកអគ្គរាជទូត ប្រចាំស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ដែលក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីប្រទេសបរិច្ចាកកម្លាំង ក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន ១១២ប្រទេសផងដែរ។
បន្ទាប់ពីលោក Antonio Guterres បានឡើងថ្លែងបើកកិច្ចប្រជុំរួចមក បណ្តារដ្ឋមន្ត្រីការពារជាតិ និង តំណាងឲ្យរដ្ឋមន្ត្រី ការពារជាតិ មកពី បណ្តាប្រទេស ដែលបានចូលរួមបរិច្ចាកកម្លាំង ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិបានឡើងថ្លែង សុន្ទរកថាជាបន្តបន្ទាប់ដោយបានបញ្ជាក់ឡើងវិញ ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការចូលរួមថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
បណ្ដាប្រទេសទាំងអស់នោះ រួមទាំងកម្ពុជាផងដែរ បានអះអាងថា ការថែរក្សាសន្តិភាព គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយ សម្រាប់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និង ថែរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ។
កិច្ចប្រជុំនាឱកាសនោះ ក៏បានផ្តល់វេទិកា ពិភាក្សា និងបង្កើតសមត្ថភាពជំនាញចាំបាច់ សម្រាប់ប្រតិបត្តិការ រក្សាសន្តិភាព នាពេលបច្ចុប្បន្ន ក៏ដូចជាឆ្លុះបញ្ចាំងពី កិច្ចប្រឹងប្រែង ពង្រឹងការងារ តាមរយៈ គំនិតផ្តួចផ្តើម សកម្មភាព សម្រាប់ការងាររក្សាសន្តិភាព ដោយផ្តោតលើសមត្ថភាពជំនាញការអនុវត្តន៍ និងការការពារជនស៊ីវិលព្រមទាំងការបង្កើនចំនួនស្ត្រី ក្នុងវិស័យរក្សាសន្តិភាពឲ្យបាន ច្រើនផងដែរ។
ថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពី ការរក្សាសន្តិភាព នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយ៉ក នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវជំនឿយ៉ាង មុតមាំថា ប្រសិទ្ធភាព នៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ គឺស្ថិតនៅលើការ ប្តេជ្ញាចិត្តដ៏មុតមាំ របស់ប្រមុខថ្នាក់ដឹកនាំ ការយកចិត្តទុកដាក់អនុវត្តពីបណ្តារដ្ឋសមាជិក និង ការលះបង់ ទាំងកម្លាំងកាយ និង អាយុជីវិតរបស់កងកម្លាំងរក្សាសន្តិភាព នៃបណ្តាប្រទេស ដើម្បីបុព្វហេតុសន្តិភាព។
សម្តេច ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសមួយ ទទួលកងទ័ពមួកខៀវ មកជួយស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា បច្ចុប្បន្នបានប្រែក្លាយជាប្រទេស ដែលបញ្ជូនកងទ័ពមួកខៀវ ដើម្បីស្វែងរកសុខសន្តិភាពជូនបណ្តាប្រទេសនៅលើពិភពលោកវិញ។
ចាប់តាំងឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានមោទនភាពដែលបានរួមចំណែកបញ្ជូនកងកម្លាំងមួកខៀវ ទៅប្រតិបត្តិការក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី និងប្រទេសសាយព្រឺស។ បច្ចុប្បន្នកម្លាំងកម្ពុជា កំពុងមានវត្តមានក្នុងតំបន់ បេសកកម្មនៅអាហ្រ្វិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង និងម៉ាលី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាគាំទ្រ «សកម្មភាព ដើម្បីសន្តិភាព» តាមរយៈ ការពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ការហ្វឹកហ្វឺន មុននឹងបញ្ជូនកម្លាំង តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារប្រជាជនស៊ីវិល ការទប់ស្កាត់អំពើហិង្សា និងការជួញដូរ។ បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព និងបន្តបង្កើនការ ចូលរួមរបស់ស្ត្រីឲ្យបាន ២០% នៅគ្រប់បេសកកម្មរក្សាសន្តិភាព ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទីជានាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។
ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជាតែងលើកតម្កើងសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតាមរយៈការរៀបចំអាណត្តិ បោះឆ្នោត យ៉ាងទៀងទាត់ ហើយថ្មីៗនេះ ការប្រារព្ធខួបលើកទី២០ នៃការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិល កាន់តែបញ្ជាក់យ៉ាងច្បាស់លាស់ នូវការប្តេជ្ញាចិត្តថែរក្សាការពារសន្តិភាព សន្តិសុខ និងការបញ្ជាក់នូវភស្តុតាង សម្រាប់គោលនយោបាយដ៏ត្រឹមត្រូវរបស់កម្ពុជា ជាប្រវត្តិសាស្ត្រនេះ៕