(សៀមរាប)៖ យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នសិទ្ធិគ្រប់គ្រងចំណូល នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅត្រីមាសទី១ (៣ខែ) ឆ្នាំ២០១៩នេះ ខ្លួនបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៧៨៧៩០០នាក់ ធ្លាក់ចុះ៨.២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៣៥,៩៥២,៨៤០ដុល្លារអាមេរិក ធ្លាក់ចុះ៩.៣៤ភាគរយ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល៣ខែមកនេះ ក្នុងនោះថវិកាចំនួន១៥៧៥៨០០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕