(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានដាក់ភស្តុតាងបន្ថែមទៀត ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីថែមបន្ទុកលើសំណុំរឿងប្តឹងបុគ្គល ផែង វណ្ណៈ ដែលបានបរិហាកេរ្តិ៍យ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គភាពព័ត៌មាន Fresh News កាលសប្តាហ៍មុននេះ។
ភស្តុតាងទាំងនេះនឹងក្លាយទៅជាអំណះអំណាងតាមផ្លូវច្បាប់ សម្រាប់តុលាការដើម្បីដាក់បន្ទុកបន្ថែមលើលោក ផែង វណ្ណៈ អ្នកលេង Facebook មួយរូបនៅប្រទេសកម្ពុជា ដែលលោកបានចោទប្រកាន់យ៉ាងធ្ងន់ៗដល់អង្គភាពព័ត៌មាន Fresh News ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីបង្ខូចកិត្តិយសធ្វើឱ្យសាធារណជន មានការភាន់ច្រឡំកាន់តែធ្ងន់ធ្ងរ។
មេធាវីប្រចាំអង្គភាពព័ត៌មាន Fresh News លោក លី រដ្ឋធី បានថ្លែងឲ្យដឹងថា ការដាក់ពាក្យបណ្តឹងនេះ មិនត្រឹមតែក្នុងគោលបំណងការពារកិត្តិយសអង្គភាព និងបុគ្គលិកទាំងអស់របស់ Fresh News នោះទេ ព្រមទាំងការពារនូវអ្វីៗទាំងអស់ដែលអង្គភាព បានកសាងជិត៥ឆ្នាំមកនេះ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ពាក្យបណ្តឹងរបស់អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានចូលដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋាន។
នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ។
មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឱ្យលោក ផែង វណ្ណៈ កែតម្រូវ និងសុំទោស ក្នុងរយៈពេល២៤ម៉ោង ចំពោះអ្វីដែលលោកបាននិយាយបំពានមកលើ Fresh News ផងដែរ ប៉ុន្តែផ្ទុយទៅវិញ លោកពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឱ្យ Fresh News ដាក់ពាក្យបណ្តឹងថែមទៀត ដោយលោកសរសេរសារនៅក្នុងក្រុមតេលេក្រាមមួយថា «ប្ដឹងចុះ ចាំខ្ញុំទៅបំភ្លឺ»។
ការសម្រេចដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ ដែលកំពុងមានមោទនភាពនឹងការប្រើប្រាស់ Facebook នោះ បាន Live វីដេអូមួយ និយាយបរិហារចំៗមកលើអង្គភាពព័ត៌មាន Fresh News ថា ផ្សព្វផ្សាយតែព័ត៌មានដែលបានលុយ និងផលប្រយោជន៍។
លោក ផែង វណ្ណៈ បានប្រមាថមកលើអង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេមរហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ....»។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ បានព្យាយាមបង្ហោះរូបភាពដែលលោកធ្វើជាតំណាងក្រុមគ្រួសារជនបង្ក យកលុយ៥ពាន់ដុល្លារ ទៅឱ្យម្តាយនិស្សិតឆ្នើមដែលរងគ្រោះដោយ រថយន្ត Rang Rover បុកស្លាប់នោះ ទៅប្រៀបធៀបវាយប្រហារ លោក លឹម ជាវុត្ថា ស្ថាបនិក និងអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដែលជា អ្នកតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យកថវិកាក្នុងនាមសប្បុរសជន ទៅចូលរួមកសាងចេតិយ៍លោកបណ្ឌិត កែម ឡី។
មហាជនជាច្រើនបានចាត់ទុកថា សកម្មភាពទាំងពីរនេះខុសគ្នាស្រឡះតែម្តង ដោយសារតែម្នាក់តំណាងឱ្យគ្រួសារជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ តែម្នាក់ទៀតតំណាងឱ្យសប្បុរសជន ដែលមិនពាក់ព័ន្ធនឹងភាគីបង្កទាល់តែសោះ។ អ្នកខ្លះបានចោទសួរទៅ លោក ផែង វណ្ណៈវិញថា តើធ្វើនេះមានចេតនាអ្វី?៕