(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហៅ លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់នោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មានតាមួយនោះ នរណាដេញតាឯង? ម៉េចក៏មិនមកស្រុកមក ឃើញបាងកកប៉ុស្តិ៍ចុះ ដែលគេធ្វើវីដេអូឡាយ សុំចូលមកស្រុក សម្តេចអើយ សុំចូលមកងាប់នៅស្រុក អញ្ជើញមកចុះ លោកតា គ្មាននរណាគេចាប់ទេទៅ ! ខ្ញុំក៏មិនចាំបាច់ធ្វើសំបុត្រលើកលែងទោសអីឱ្យតាឯងដែរ។ តាឯង អ្នកនិយាយ ខ្ញុំក៏និយាយទៅវិញ ឥឡូវបើកឱ្យ លឺ ឡាយស្រេង ចូលស្រុកមកខ្ញុំប្រកាសហៅ បក់ដៃហៅ តាអើយតាត្រឡប់មកវិញមក តែសូមកុំឡប់តទៅទៀត កុំហៅព្រះមហាក្សត្រសុទ្ធតែថា "មាន់គ្រៀវ" ជាការប្រមាថ តែប៉ុណ្ណឹងទេ»។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយអះអាងថា លោកនឹកស្រុក ហើយចង់វិលមកវិញឆាប់ៗនេះ ប្រសិនបើសម្តេចតេជោ ហ៊ុន សែន អភ័យទោសឲ្យលោក ដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់ លោក លឺ ឡាយស្រេង កុំនិយាយប្រមាថដល់ព្រះមហាក្សត្រ ហើយឱ្យលោកធ្វើជាមនុស្សស្មោះត្រង់។ សម្តេចបានអះអាងថា លោក លឺ ឡាយស្រេង គឺជាអ្នកបង្ករឿងដោយខ្លួនឯង ហើយក៏ចាកចេញពីប្រទេសខ្លួនឯងដែរ។ សម្តេចក៏បានបកអាក្រាតថា លោក លឺ ឡាយស្រេង ជាមនុស្សក្រឡេចក្រឡុច ដែលនៅខាងមុខសម្តេចនិយាយផ្សេង ហើយនៅក្រោយសម្តេចនិយាយផ្សេង។
សម្តេចក៏បានជំរុញឱ្យ លោក អង្គ វង្សវឌ្ឍានា សិក្សាអំពីការស្នើលើកលែងទោសដល់ លោក លឺ ឡាយស្រេងផងដែរ បើសិនមានការពាក់ព័ន្ធនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕