(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសប្រាប់ដល់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ដើម្បីជាការគិតគូរដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលសម្រេចបើកប្រាក់បៀវត្ស សម្រាប់ខែមេសានេះ តែម្តងគត់បញ្ចូលគ្នា រួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល ដោយមិនមែនបើក២ដងដូចខែមុនៗឡើយ ដែលធ្វើបែបនេះ ដើម្បីឲ្យមន្ត្រីរាជការមានប្រាក់ចាយវាយគ្រប់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ប៉ុន្តែចាប់ពីខែឧសភា ឆ្នាំ២០១៩តទៅការបើកប្រាក់បៀវត្សគឺអនុវត្តន៍ដូចធម្មតា គឺបើក២ដងក្នុង១ខែ ឬ២សប្តាហ៍ម្តង។
ការបញ្ជាក់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,២១៣នាក់ នារី ២,៧០៤នាក់ នៅព្រឹកថ្ងៃទី០១ ខែមេសានេះ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការចូលរួមលើកកម្ពស់វប្បធម៌ពន្ធដារ ដែលធ្វើឲ្យប្រាក់ចំណូលជាតិ របស់យើងកើនឡើង។ នេះជាពេលវេលាមួយដ៏ល្អ ខ្ញុំសូមបញ្ជាក់ថា សម្រាប់មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធរបស់យើង និវត្តជន នៅក្នុងខែមេសានេះ យើងមិនបើកប្រាក់ខែ២ដងក្នុង១ខែ។ បើសិនជាបើកពាក់កណ្តាល គឺអត់មានលុយចាយគ្រប់ក្នុងពេលចូលឆ្នាំទេ អីចឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏ស្នើសុំយោបល់មកខ្ញុំថា បើកតែម្តងទេ គឺមុនចូលឆ្នាំគឺបើកប្រាក់ពេញមួយខែតែម្តង បូកបន្ថែមនឹងការឧបត្ថម្ភម្នាក់៥ម៉ឺនរៀលថែមទៀត ដែលត្រូវបើកមុនចូលឆ្នាំ ដើម្បីឲ្យមានលុយចាយចូលឆ្នាំ ដល់ខែឧសភាមកពីរដងដូចធម្មតា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះតទៅ គឺជាពេលដែលរាជរដ្ឋាភិបាល ចាប់ផ្តើមដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដោយការប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ ដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណ និងកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមលើកកម្ពស់វប្បធម៌បង់ពន្ធ ដែលធ្វើឲ្យចំណូលពន្ធដារមានកំណើនជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះចំណូលពន្ធដារ និងពន្ធគយ ដែលរដ្ឋប្រមូលបានមានរហូតដល់ជាង៧០០លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌បង់ពន្ធនេះ ជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ និងសម្រាប់បម្រើទៅវិញឱ្យប្រជាពលរដ្ឋ តាមរយៈវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត។
សូមជម្រាបថា កាលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់មន្ទីរពេទ្យតម្លៃ ៥០លានដុល្លារ នៅខេត្តត្បូងឃ្មុំ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា បើទោះបីជាកម្ពុជាអត់មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានលុយ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងតិចរយៈពេល១ឆ្នាំ ដែលខុសពីពេលមុនដែលរដ្ឋត្រូវខ្ចីលុយ ពីធនាគារដើម្បីបើកប្រាក់ខែ៕