(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀត ពាក់ព័ន្ធបញ្ហាផ្លូវដែកថា ដរាបណាកិច្ចព្រមព្រៀងថ្មី និងដៃគូវិនិយោគថ្មី មិនទាន់មាន និងមិនទាន់បានធ្វើឡើងនោះគឺក្រុមហ៊ុន Royal Railway របស់អ្នកឧញ៉ា គិត ម៉េង នៅបន្តទទួលគ្រប់គ្រងផ្លូវដែកដដែល។
សម្តេចតេជោបញ្ជាក់ថា នៅពេលដែលរកដៃគូវិនិយោគថ្មីបានហើយនោះ ក្រុមហ៊ុន Royal Railway ក៏អាចចូលទុនក្នុងគម្រោងវិនិយោគថ្មីបាន ដើម្បីមានឱកាសពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវដែក បានកាន់តែទូលំទូលាយ ដោយសម្តេចចង់បានផ្លូវដែក ដែលមានដំណើរការដឹកជញ្ជូន មានភាពរស់រវើក និងសកម្ម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានប្រកាសអំពីការដកនូវរថភ្លើងពីក្រុមហ៊ុន Royal Railway ប៉ុន្តែយើងបានត្រឹមតែនិយាយឲ្យក្រសួងសធារណការ ចរចាជាមួយនឹងឧកញ៉ា គិត ម៉េង តែយើងអត់បាននិយាយ អំពីបញ្ហាអន្តរកាល នៅពេលណាបញ្ចប់ទេ ធ្វើឲ្យស្ថានភាពមួយស្រពិចស្រពិលមិនច្បាស់លាស់។ ខាងរដ្ឋក៏មិនអាចទៅគ្រប់គ្រងបានភ្លាមៗទេ ក្នុងពេលដែលខាងវិស័យឯកជន កំពុងតែគ្រប់គ្រង គ្នាដំណើរការយ៉ាងម៉េច? ឥឡូវទំនិញកំពុងតែនៅលើរថភ្លើងស្រាប់ តើត្រូវយកទៅណា ? ត្រូវធ្វើរបៀបម៉េច? បុគ្គលិករាប់រយណាស់ តើត្រូវបាត់បង់ការងារភ្លាមៗ ឬយ៉ាងម៉េចអីចឹង វាអាចនាំទៅដល់វិបត្តិផ្លូវដែក បញ្ហានេះប្រហែលជាបណ្តាលមកពីខ្ញុំនិយាយមិនបានច្បាស់ អីចឹងហើយទើបកាលពីម្សិលមិញនេះ បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ ធ្វើការបញ្ជាក់ឡើងវិញ។
ទិសដៅរបស់យើងឆ្ពោះទៅកាន់ការធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនផ្លូវដែក មិនមែនធ្វើតែមួយទិសដូចសព្វថ្ងៃទេ គឺធ្វើទាំង២ទិស ដែលតភ្ជាប់ទីក្រុងភ្នំពញ និងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ រហូតដល់ព្រំដែនកម្ពុជាថៃ ហើយនឹងឆ្លងកាត់ទៅក្នុងប្រទេសថៃ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅពេលណាដែលកិច្ចព្រមព្រៀងថ្មីមួយ មិនទាន់បានធ្វើឡើងក្រុមហ៊ុន Royal Railway របស់ឧកញ៉ា គិត ម៉េង នៅតែបន្តសកម្មភាពតទៅទៀត ព្រោះយើងត្រូវទទួលស្គាល់ថា បញ្ហាទម្លាក់បន្ទុកទៅលើក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បណ្តាលមកពីក្រុមហ៊ុន Toll របស់អូស្ត្រាលីបាន ដកខ្លួនចេញ ហើយមិនដឹងទៅណា គឺក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បានទិញយកភាគហ៊ុន៥៥ភាគរយ របស់ក្រុមហ៊ុន Toll ដែលរដ្ឋបានទទួលស្គាល់ការទិញនេះ អីចឹងកិច្ចព្រមព្រៀងនេះ នៅមានសុពលភាពនៅឡើយ។ ដើម្បីឈានដល់បញ្ចប់កិច្ចព្រមព្រៀងចាស់នេះ ក្រុមហ៊ុននេះ នៅតែបន្តធ្វើសកម្មភាពបន្តទៀត រហូតមានកិច្ចព្រមព្រៀងថ្មី ដែលកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុន Royal Railway ក៏មានលទ្ធភាពចូលរួមដើម្បីធ្វើការនៅក្នុងនោះ ហើយយើងអាចនឹងទាញយកដៃគូដទៃយកមកដាក់ ដោយមិនផ្តល់ឲ្យក្រុមហ៊ុន Royal Railway គ្រប់គ្រងភាគហ៊ុនតែម្នាក់ឯងទេ»។
សូមជម្រាបថា នៅថ្ងៃទី៣១ ខែមីនាម្សិលមិញ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្តល់ឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញនិងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ។
ការផ្តល់បន្តប្រតិបត្តិឡើងវិញនេះដោយសារ ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ លើលក្ខខណ្ឌគិតយុត្តិ និងបច្ចេកទេស ពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុន រ៉ូយ៉ាល់រេវ៉េបន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល។
ទន្ទឹមនោះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឲ្យសមស្របទៅនឹងតម្រូវការ ជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដាអន្តរជាតិ និងធ្វើឲ្យ មានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ។
ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានបញ្ជាក់ថា ខ្លួននឹងប្តេជ្ញាខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូន ភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូ កុងតឺន័រ មិនឲ្យរាំងស្ទះឡើយ៕