(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត ដើម្បីពង្រីកការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា។
ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៉ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ជាមួយប្រទេសជិតខាងវិញ យើងបានប្រែក្លាយរួចមកហើយ និងកំពុងបន្តជំរុញតទៅទៀត នូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ព្រោះព្រំដែនរបស់យើងបានក្លាយជាកន្លែងសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរួចទៅហើយ […] យើងកំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យមានទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសជិតខាងរបស់យើង»។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានចំនួនដល់ទៅជាង ៨ពាន់លានដុល្លារអាមេរិក, ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវមានចំនួន ២៤លានដុល្លារអាមេរិក និងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានជាង ៥ពាន់លានដុល្លារអាមេរិក។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការសម្រេចបានទំហំពាណិជ្ជកម្មទាំងនេះ បានកើតឡើងព្រោះតែរាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំប្រទេស ដែលស្ថិតនៅក្នុងបរិបទសុខសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ សម្តេចបន្តថា «អញ្ចឹងចំណុចនេះអាចវិលត្រឡប់មកនិយាយបានអំពីចក្ខុវិស័យ នៃការគ្រប់គ្រងប្រទេសជាតិមួយ ដែលដាក់ស្ថានភាពផ្ទៃក្នុង នៅក្នុងបរិបទសុខសន្តិភាព និងទំនាក់ទំនងជិតខាងល្អ ជាមួយប្រទេសដែលមានព្រំដែនជាប់ជាមួយយើង»។
សូមបញ្ជាក់ដែរថា របាយការណ៍នៃការនាំចេញ-នាំចូលរបស់កម្ពុជា ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨៥លានដុល្លារអាមេរិក។ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់ ១១,២១៥លានដុល្លារ តួលេខនៃការនាំចេញនេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹមតែ១០,៧៧៧លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន ១៣,៧៧១លានដុល្លារអាមេរិក កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៣,០១៩លានដុល្លារ។ ក្នុងឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន១០% កំណើននេះទទួលបានពីការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ ចេញទៅកាន់ជាង ១៤៧ប្រទេសនៅទូទាំងពិភពលោក៕