(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ប្រកាសដាច់ខាតថា ហាមដាច់ខាតមិនឱ្យសាងសង់វារីអគ្គិសនី នៅតំបន់អារ៉ែង ដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ព្រោះជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃជាង២៦លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អារ៉ែង ដាច់ខាតហើយមិនឱ្យធ្វើទេ អារ៉ែង ប្រាប់ឱ្យហើយអារ៉ែង គម្រោងដើមការសិក្សាដោយជប៉ុនហ្នឹង ការសិក្សាដោយជប៉ុន ក៏ប៉ុន្តែយើងអត់ធ្វើអារ៉ែងទេ អារ៉ែងខ្ញុំមិនព្រមទេរឿងអារ៉ែង ដោយសារនោះវាជាតំបន់ សម្រាប់ផ្នែកអេកូទេសចរណ៍ ហើយត្រូវការពារធនធានធម្មជាតិនៅតំបន់នោះ ខ្ញុំហើយជាអ្នកបានប្រកាសចេញថាទប់ស្កាត់សិក្សាអីក៏សិក្សា ក៏ប៉ុន្តែគឺអត់ឱ្យធ្វើទេ អត់ឱ្យធ្វើទេ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថាតំបន់អារ៉ែង គឺជាតំបន់ការពារនូវសម្បត្តិធម្មជាតិ ជាតំបន់អេកូទេសចរណ៍ ក៏ប៉ុន្តែអាចសិក្សាស្រាវជ្រាវបាន តែមិនអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយមកកសាងទំបន់វារីអគ្គិសនី នៅក្នុងតំបន់អារ៉ែងនេះ ជាដាច់ខាត។
នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះយើងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឱ្យការអភិវឌ្ឍនៅតំបន់អារ៉ែង ទៅជាតំបន់អេកូទេសចរណ៍បែបធម្មជាតិ ដែលស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជាផងដែរ៕