(ភ្នំពេញ)៖ បន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មានមួយចំនួន ចុះផ្សាយអំពីទំហំបំណុលរបស់កម្ពុជា ជំពាក់បរទេសរហូតដល់១ម៉ឺនលានដុល្លារ និងតួលេខពាក់ព័ន្ធបញ្ហាបំណុល និងការខ្ចីឥណទានមួយចំនួនទៀតនោះ, នៅថ្ងៃនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកទាត់ចោលការលើកឡើងគ្មានមូលដ្ឋាននេះ និងបានបញ្ជាក់ថា កម្ពុជាមិនបានជំពាក់បំណុលបរទេសរហូតដល់១ម៉ឺនលានដុល្លារនោះទេ។
យោងតាមសេចក្តីប្រកាសព៍ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបថា តួលេខជាង១ម៉ឺនលានដុល្លារអាមេរិកនោះ គឺជាតួលេខនៃការខ្ចីឥណទានសម្បទាន ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០១៨ ពោលគឺ ពុំមែនជាតួលេខសន្និធិបំណុលបរទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០១៨ ទេ»។
ក្រសួងបញ្ជាក់ទៀតថា ជាបច្ចេកទេសបើចង់ដឹងអំពីទំហំបំណុលសាធារណៈក្រៅប្រទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែង គឺគេត្រូវមើលតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស (Public External Debt Outstanding) ដែលគិតត្រឹមដំណាច់ឆ្នាំ២០១៨ មានចំនួនប្រមាណ៧ប៊ីលាន (៧ពាន់លាន) ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា «បើគ្រាន់តែចុះកិច្ចព្រមព្រៀងខ្ចីឥណទានពីក្រៅប្រទេស ពុំទាន់មានន័យថា យើងជំពាក់បំណុលបរទេសនោះទេ គឺលុះត្រាតែយើងបានដកសាច់ប្រាក់ពីដៃគូយកមក ប្រើប្រាស់សិន ទើបគិតថា «ជាបំណុលសាធារណៈក្រៅប្រទេស» ហើយជាក់ស្ដែង យើងក៏មានការបង្វែរ សាច់ប្រាក់ដែលមិនបានប្រើប្រាស់មួយចំនួន និងសងប្រាក់ដើមជាបណ្តើរៗទៅដៃគូវិញហើយដែរ»។
ក្រសួងសេដ្ឋកិច្ចពន្យល់ថា ជាបទដ្ឋានបច្ចេកទេសអន្តរជាតិ ដើម្បីវាស់ស្ទង់អំពីស្ថានភាពបំណុលសាធារណៈក្រៅប្រទេស របស់ប្រទេសមួយ គេពុំមើលទៅលើតួលេខសន្និធិបំណុលសាធារណៈក្រៅប្រទេស ឬតួលេខនៃការខ្ចីឥណទានសម្បទានសរុប ឬតួលេខសេវាបំណុលសរុបទេ ពោលគឺ គេត្រូវពិនិត្យទៅលើអនុបាតបំណុលសាធារណៈក្រៅប្រទេសសំខាន់ៗចំនួន០៤ ធៀបនឹងអនុបាតគោល។ ជារួមផ្អែកតាមការវិភាគចីរភាពបំណុល បង្ហាញថា អនុបាតបំណុលសាធារណៈក្រៅប្រទេសទាំង០៤ របស់កម្ពុជាសម្រាប់ឆ្នាំ២០១៨ សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់ ដែលក្នុងនោះ អនុបាតសំខាន់ជាងគេគឺ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេស ធៀបនឹងផលិតផលក្នុងស្រុកសរុប-ផ.ស.ស) (Present Value of Public External Debt to GDP) មានត្រឹមកម្រិត២១.៤% ធៀបនឹងអនុបាតគោល៤០% (សូមមើលតារាងទី២.ក. នៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ៧ ទំព័រទី១២) ដែលអាចសន្និដ្ឋានបានថាស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប»។ លទ្ធផលនេះ ក៏ត្រូវបានវាយតម្លៃ និងទទួលស្គាល់ដូចគ្នាផងដែរ ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក, និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្កត់ធ្ងន់ថា «សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាលបាន និងកំពុងគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយស្មារតីប្រយ័ត្នប្រយែងខ្ពស់ និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង០៤ រួមមាន៖ ១៖ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២៖ ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និង ៤៖ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមបន្តលើកទឹកចិត្តដល់ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ ជាពិសេស សារព័ត៌មានទាំងឡាយ ក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀត ព្យាយាមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីអត្ថន័យ និងខ្លឹមសារបច្ចេកទេសនៃទិន្នន័យ នៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ហើយយកទៅប្រើប្រាស់ ឬវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ជៀសវាងបកស្រាយខុសពីខ្លឹមសារពិត ដែលនាំឱ្យសាធារណជន មានការភ័ន្តច្រឡំអំពីស្ថានភាពបំណុលសាធារណៈជាក់ស្ដែងរបស់កម្ពុជា។ ក្នុងករណីមានចម្ងល់ ឬសំណួរផ្សេងៗ សូមទាក់ទងមកកាន់ក្រុមការងារបច្ចេកទេស តាមរយៈអ៊ីម៉ែលដូចដែលបានដាក់ នៅលើទំព័រចុងក្រោយ នៃព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (E-mail: [email protected])៕