(ភ្នំពេញ)៖ មេក្លោងជួញដូរគ្រឿងញៀនម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានកម្លាំងនគរបាលការិយាល័យ «ក៩» បានចុះបង្ក្រាបនៅខេត្តស្ទឹងត្រែង ដោយរឹបអូសថ្នាំញៀនមួយចំនួនធំ។ ជាមួយគ្នានេះ កម្លាំងមន្ទីរក៏បានបើកប្រតិបត្តិការ បង្ក្រាបកន្លែងផលិត និងជួញដូរគ្រឿងញៀនមួយករណីទៀតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរឹបអូសបានថ្នាំជិត២០០គីឡូក្រាមផងដែរ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការជំហ៊ានដំបូងមុខសញ្ញាជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ឃាត់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មេក្លោងរូបនេះ ឈ្មោះ NURUL FADLIEKO PUTRO អាយុ៤៣ឆ្នាំ ដោយមានការសង្ស័យក្នុងវាលី សមត្ថកិច្ចប៉ុស្តិ៍បានធ្វើការត្រួតពិនិត្យ និងឆែកឆេរ នៅទីតាំងខាងមុខកន្លែងប្រថាប់ត្រា ចេញ-ចូល ក៏រកឃើញនៅម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងកញ្ចប់នំគ្រប់ប្រភេទ ដូចជាកញ្ចប់កាហ្វេ កញ្ចប់ស្ករគ្រាប់កញ្ចប់ ប្រដាប់ប្រដាក្មេងលេងសង្ស័យ ជាសារធាតុញៀន ហើយក៏បានអញ្ជើញសមត្ថកិច្ចជំនាញ (BLO) ប្រចាំការច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត្យបន្ថែមពិតជាសារធាតុញៀន ពិតប្រាកដមែនទើបឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្ត។ ក្នុងករណីឃាត់ខ្លួនជនជាតិ ឥណ្ឌូនេស៊ីខាងលើ សមត្ថកិច្ចបានដកហូត សារធាតុញៀនខុសច្បាប់៤៤កញ្ចប់។
សម្រាប់ករណីទី២ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបផ្ទះផលិតគ្រឿងញៀន នៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស។ ជាលទ្ធផល សមត្ថកិច្ចដកហូតបានថ្នាំញៀន ប្រមាណជិត២០០គីឡូក្រាម ដែលជាប្រភេទថ្នាំ Pyrovalerone និងDopamine ដែលប្រើវាទៅនាំឲ្យរំជួលអារម្មណ៍។
ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវជាបន្ដរកមេក្លោងធំនៅពីក្រោយ ហើយផ្ទះខាងលើត្រូវបានបិតជាបណ្តោះអាសន្ន៕