(ភ្នំពេញ)៖ ជនត្រូវចោទ ផែង វណ្ណៈ ដែលត្រូវបានគេស្គាល់ថា ជាអ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម និងប្រើអត្ដចរិកក្រអើតក្រទមអួតក្អេងក្អាងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួន រហូតដល់តុលាការកាត់ទោស និងសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
នៅពេលនេះជនត្រូវចោទ ផែង វណ្ណៈ បាននឹងកំពុងទទួលរងនូវបណ្ដឹង រហូតទៅដល់៤ករណី ដែលសុទ្ធតែពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍ ចេញពីមាត់របស់លោកខ្លួនឯង។
បណ្ដឹងទាំង៤ ដែលស្ថិតនៅដៃតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្ដឹងបុគ្គលដែលនិយាយពុលទឹកមាត់ ផែង វណ្ណៈ រួមមាន៖ បណ្ដឹងរបស់សម្ដេចតេជោ ហ៊ុន សែន, បណ្ដឹងរបស់អង្គភាពព័ត៌មាន Fresh News, បណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងបណ្ដឹងរបស់លោក ខាន់ សុវណ្ណ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook។
ខាងក្រោមនេះសាវតា និងខ្លឹមសារនៃពាក្យបណ្ដឹងដែលបានប្ដឹងទៅកាន់លោក ផែង វណ្ណៈ៖
ទី១៖ កាលពីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បណ្ដឹងរបស់លោក ពេជ្រ ស្រស់៖ លោក ពេជ្រ ស្រស់ បានដាក់បណ្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយស្នើឲ្យស៊ើបអង្កេតលើលោក ផែង វណ្ណៈ ករណីយកលុយគ្រួសារជនបង្ក៥ពាន់ដុល្លារ ទៅឲ្យគ្រួសារជនរងគ្រោះ ប្រាប់ថាចូលបុណ្យ។
លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថា បុគ្គល ផែង វណ្ណៈ មានភាពមិនប្រក្រតីដែលខ្លួនមានតួនាទីក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ បែរជាមកបំពេញភារកិច្ច ខុសតួនាទីយ៉ាងដូច្នេះទៅវិញ ហើយលោក ផែង វណ្ណៈ គឺមិនបានសហការជាមួយនឹងសមត្ថកិច្ចក្នុងការផ្តល់ នូវព័ត៌មានអំពីអត្ថសញ្ញាណ និងទីតាំងរបស់ជនបង្កដែល ខណៈសមត្ថកិច្ចកំពុងខ្វះព័ត៌មាន ដោយមិនអាចធ្វើការចាប់ជនបង្ក ប៉ុន្តែផ្ទុយទៅវិញ បែរជាបុគ្គល ផែង វណ្ណៈ បានធ្វើសកម្មភាព ទទួលថវិកា ចំនួន៥០០០ពាន់ដុល្លារ ពីក្រុមជនបង្កយកទៅជូនគ្រួសាររងគ្រោះធ្វើ ឱ្យមានការភ្ញាក់ផ្ញើលពីសំណាក់មហាជន ដែលធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ចំពោះការប្រព្រឹត្តនូវអំពើពុករលួយជាប្រព័ន្ធ អាចកើតឡើង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវឃោឃៅលើសពកញ្ញា ឌុំ រីដា ដែលជានិស្សិតឆ្នើម។
ទី២៖ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាពព័ត៌មាន Fresh News តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹង ចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោក ផែង វណ្ណៈ ពីបទ «បរិហារ្តិ៍ជាសាធារណៈ» បន្ទាប់ពីជននេះបានចោទប្រកាន់ និងប្រមាថដល់ អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋាន។
នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្ត ចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ។
មុននឹងឈានដល់ការដាក់ពាក្យប្តឹង លោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ អង្គភាពព័ត៌មាន Fresh News ក៏បានស្នើឲ្យ និងទុកឱសានវាទដល់លោក ផែង វណ្ណៈ ធ្វើការកែតម្រូវ និងសុំទោស ក្នុងរយៈពេល២៤ម៉ោង ចំពោះអ្វីដែលលោកបាននិយាយបំពានមកលើ Fresh News ផងដែរ ប៉ុន្តែផ្ទុយទៅវិញលោកពុំបានកែតម្រូវនោះទេ ថែមទាំងជំរុញឲ្យ Fresh News ដាក់ពាក្យបណ្តឹងថែមទៀត ដោយលោកសរសេរសារនៅក្នុងក្រុមតេលេក្រាម មួយថា «ប្ដឹងចុះ ចាំខ្ញុំទៅបំភ្លឺ»។
ទី៣៖ មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក គី តិច បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់សាធារណជន គោលបំណងបរិហាកេរ្តិ៍ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ពាក្យបណ្តឹងរបស់លោក គី តិច មេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក ផែង វណ្ណៈ ដោយយោងតាមពាក្យបណ្ដឹង និងភស្តុតាងរបស់អង្គភាពព័ត៌មាន Fresh News ដែលបានដាក់ទៅកាន់តុលាការ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងពាក្យសុំបញ្ចូលភស្តុតាង ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ របស់ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងពាក្យបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោក គី តិច បានបញ្ជាក់ថា ឈ្មោះ ផែង វណ្ណៈ បានធ្វើសំណេរផ្សព្វផ្សាយតាមទំព័រ (Page Facebook របស់ខ្លួនថា «គំនិតគួរពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយ និងជានិពន្ធនាយក គេហទំព័រ Pheng Vannak News តំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 យកថវិកាចំនួន ៥,០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិត ខំ រីដា ត្រូវលោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ បញ្ជាក់៖ ម្ចាស់រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិច លោក យិន វ៉ិច មិនមែនជាជនបង្ករទេ កូនទេដែលបង្ករត្រូវចែកគ្នាអោយដាច់រវាងម្ចាស់រថយន្ត និងជនបង្ករ។ ២- លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាងអោយថ្នាក់ដឹកនាំនាំយកថវិកា ចំនួន ៥០០០០ ដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដើម្បីធ្វើ ចេតិយម្តេច លោកទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ? ខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា ?»។
ទី៤៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ពោលក្រោយកម្លាំងសមត្ថកិច្ចចាប់លោក ផែង វណ្ណៈ ប៉ុន្មានម៉ោង, លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថា អ្នកប្រើប្រាស់ បណ្ដាញសង្គមម្នាក់ បានដាក់ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើស ព្រមទាំងទាមទារសំណងនៃការខូចខាត និងជំងឺចិត្ត រហូតជាង១លានដុល្លារអាមេរិក។
លោក ខាន់ សុវណ្ណៈ បានប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើសរួមមាន៖ ទី១៖ ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស, ទី២៖ គំរាមកំហែងថានឹងសម្លាប់ ដោយមានស្ថានទម្ងន់ទោស, ទី៣៖ បរិហាកេរ្ដិ៍ជាសាធារណៈ, ទី៤៖ ជេរប្រមាថជាសាធារណៈ និងទី៥៖ ការគំរាមកំហែងកេរ្ដិ៍។
លោក ខាន់ សុវណ្ណ ក៏បានស្នើសុំឲ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាត ចំនួន១លានដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលា សេវាកម្មច្បាប់១ម៉ឺនដុល្លារ។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ការសួរនាំអស់ជាច្រើនម៉ោង នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ទីបំផុតតុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គល ផែង វណ្ណ: ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួន២បទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» ពាក់ពន្ធ័ករណីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល៕