(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចជ្រើសយកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា

ខណ្ឌ សម្រាប់អាណត្តិទី៣ ហៅកាត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។

គ.ជ.ប បានប្រកាសឱ្យដឹងពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង
ជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទ គឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង
ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ការបោះឆ្នោតនេះមានការខុសប្លែកពីការបោះឆ្នោតសកល ដោយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សាតាមប្រភេទនីមួយៗ និងមានហិបឆ្នោតចំនួនពីរផងដែរ។ ហិបឆ្នោតទាំងពីរនោះរួមមាន៖ សន្លឹកឆ្នោតទី១ ដែលមានពណ៌លឿងប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ ។

សន្លឹកឆ្នោតទី២ ដែលមានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបឆ្នោតមួយផ្សេងទៀត ។

យោងតាម គ.ជ.ប បានឱ្យដឹងថា ចំនួនមណ្ឌលបោះឆ្នោត និងអាសនៈសមាជិកក្រុមប្រឹក្សា សម្រាប់អាណត្តិទី៣នេះ រួមមាន៖ មណ្ឌលរាជធានី ខេត្ត ទូទាំងប្រទេសសរុបចំនួន២៥ មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន៥៥៩ និងមណ្ឌលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសសរុបចំនួន ២០៣ មានអាសនៈសមាជិកក្រុមប្រឹក្សាសរុបចំនួន ៣,៥៥៥។

គ.ជ.ប បានឱ្យដឹងផងដែរថា អ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង មានចំនួនសរុប ១១,៥៧២នាក់។ ខណៈការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាលើកនេះ មានចំនួនសរុប ២០៣ ដែលមានទីតាំងនៅទីប្រជុំជនក្រុង ស្រុក ខណ្ឌ៕