(ភ្នំពេញ)៖ នៅថ្ងៃនេះជាទិវាអន្តរជាតិយល់ដឹងពីមីន ០៤មេសា (International Day of Mine Awareness) ដែលអង្គការសហប្រជាជាតិ បានប្រកាសក្នុងមហាសន្និបាត កាលពីខែធ្នូ ឆ្នាំ២០០៥។ អាជ្ញាធរមីន បានឲ្យដឹងថា ទិវានេះបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងដើម្បីរាយការណ៍ពីវឌ្ឍនៈភាព និងសភាពការណ៍ជុំវិញ សកម្មភាពមីន នៅទូទាំងពិភពលោក។
សេចក្តីប្រកាសរបស់អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា មានរយៈពេល២៧ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់ ខែធ្នូ ឆ្នាំ២០១៨ ផ្ទៃដីប្រមាណ ១,៨១៦ គីឡូម៉ែត្រក្រឡា ត្រូវបានរំដោះចេញពីការ គម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា។ ដោយក្នុងនោះ បានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន១,០៦៣,៩១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៤,៨៣៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន២,៧៧១,៣៤២គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួន ជនរងគ្រោះធ្លាក់ចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨។
អាជ្ញាធរមីន បានបញ្ជាក់ថា «គិតត្រឹមខែមករា ឆ្នាំ២០១៩ កម្ពុជានៅមានផ្ទៃដីសង្ស័យថា មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ១,៧២៩ គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តធ្វើការបោសសម្អាត ដោយត្រូវការថវិកាប្រមាណ ៣៥៤លានដុល្លារ អាមេរិក»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ និងប្រតិបត្តិករ សកម្មភាពមីនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មបោសសម្អាតមីន និងរាល់ប្រតិបត្តិការសកម្មភាពកំចាត់មីន នៅកម្ពុជា។
សម្ដេចតេជោ បានបន្ដថា សកម្មភាពបែបនេះ គឺដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានប្រសើរឡើងជាលំដាប់ រួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែរុងរឿងឆាប់រហ័សថែមទៀត៕