(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំ គណៈប្រតិភូមួយក្រុម ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបប្រជុំជាមួយ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI និង ចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា វត្តមានអគ្គស្នងការនគរបាលជាតិកកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកពេលនេះ គឺមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ FBI ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា នៅក្នុងការចុះអនុស្សារណៈយោគយល់គ្នានេះ គឺសហហរដ្ឋអាមេរិក និងផ្តល់សម្ភារមួយចំនួន ដែលបម្រើដល់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជា។
ការចុះអនុស្សារណៈយោគយល់គ្នា រវាងអគ្គស្នងការនគរបាលជាតិ និងការិយាល័យស៊ើបអង្កេតបទឧក្រិដ្ឋ របស់សហរដ្ឋអាមេរិក (FBI) គឺជាលើកទី១ ដោយកន្លងមកនគរបាលកម្ពុជា សហការល្អជាមួយ FBI ក្នុងការសហការគ្នាស៊ើបអង្កេត និងបង្ក្រាបបទល្មើសឧក្រិដ្ឋ ជាពិសេសបទល្មើសបច្ចេកវិទ្យា។ នេះបើតាម អគ្គស្នងការរងនគរបាលជាតិ។
លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរយល់ឃើញថា ការរីករាលដាលដែលមានអង្គការចាត់តាំង ចាំបាច់កងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងអស់ គួរតែមានកិច្ចសហការគ្នា ដើម្បីទប់ស្កាត់ រួមទាំងបញ្ហាអន្តោប្រវេសន៍ខ្លះដែរ៕