(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានស្នើដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបន្លំ Facebook នាយទាហានមួយចំនួន ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ការចេញសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នាថ្មីៗនេះ មានជនទុច្ចរិតមួយចំនួនបានបង្កើត Facebook បន្លំយករូបនាយទាហានមួយចំនួន ទៅប្រើប្រាស់ដើម្បីបង្ហោះរូបភាព និងខ្លឹមសារ ញុះញង់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងការពារជាតិ បានចាត់ទុកថា សកម្មភាពទាំងនេះគឺជាអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន ហើយសូមស្នើឱ្យស្ថាប័ន មានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានសូមជម្រាបជូនថា កងយោធពលខេមរភូមិន្ទ រក្សាជំហរស្មោះត្រង់ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទ ប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ង បង្កភាពវឹកវរដល់សង្គម ក៏ដូចជាការបំផ្លាញដល់សន្តិភាពរបស់ប្រទេស។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវដល់កងយោធពលខេមរភូមិន្ទទាំងអស់ មានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់បណ្តាញសង្គមនានា ដោយរក្សាការពារសន្តិសុខ ការងារសម្ងាត់របស់អង្គភាព។ ដូច្នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានទំនុកចិត្តមកលើ កងយោធពលខេមរភូមិន្ទ ហើយសូមកុំចាញ់ឧបាយកល ក្រុមទុច្ចរិតទាំងនោះឱ្យសោះ។
ដោយឡែកនៅពេលចោទសួរថា តើនាយឧត្តមសេនីយ៍ មានការឆ្លើយតបយ៉ាងណា ចំពោះសារអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកងទ័ព។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ប្រាប់ Fresh News យ៉ាងខ្លីថា ទណ្ឌិត សម រង្ស៉ី គ្មានតម្លៃអ្វីដែលត្រូវឱ្យលោកឆ្លើយតបនោះទេ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ៖