(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបង្ការជំងឺ និងបញ្ហាសុខភាព ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
កន្លងមកក្រសួងធ្លាប់បានចេញសេចក្តីប្រកាសជម្រាបជូនសាធារណជនទាំងអស់ អំពីការបង្ការករណ៍ពុលអាហារ និងករណីពុលស្រាជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាល បានសង្កេតឃើញថា មានករណីពុលចំណីអាហារ និងករណីពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន។
តាមសេចក្តីជូនដំណឹង បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០១៨កន្លងមកនេះ មានករណីពុលចំណីអាហារសរុបចំនួន១៩លើក មានអ្នកពុល សរុបចំនួន៨៥២នាក់ ក្នុងនោះស្លាប់សរុបចំនួន១៣នាក់ និងពុលស្រាចំនួន៥លើក ដោយមានអ្នកពុលស្រា ២០៦នាក់ ក្នុងនោះស្លាប់១២នាក់។ ជាងនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ២០១៩ត្រឹមខែមីនា មានករណីពុលចំណីអាហារសរុប ចំនួន៦លើក ដោយមានអ្នកពុលសរុបចំនួន២៤៦នាក់ ក្នុងនោះស្លាប់២នាក់។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ប្រកាសធ្វើការរំលឹក ជូនដល់ប្រជាជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើបញ្ហាសុខភាពដែលអាចកើតមាន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលស្របគ្នាជាមួយ និងអាកាសធាតុនៅលើផ្ទៃ ប្រទេសកម្ពុជាមានការកើនកំដៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារ និងភេសជ្ជៈការរៀបចំអាហារ ការទុកដាក់មិនត្រឹមត្រូវ ដើម្បីជៀសផុតពីបញ្ហាឈឺពោះ ក្អួត រាករួស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យ អាហារជួរ ផ្អូម ឬការពុលស្រាបណ្តាល មកពីការទិញស្រាមកពិសា ដែលជាស្រាបានបិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាដើម។
បន្ថែមលើនេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានលើកទឹកចិត្តគ្រប់ៗគ្នា ឱ្យចូលរួមអនុវត្តនូវវិធានការប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីជៀសផុតពីបញ្ហាទាំងនេះ ជាពិសេសលើការពុលចំណីអាហាររួមមានទី១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច, ទី២៖ ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ មុនពេលបញ្ចកកូន និងក្រោយបន្ទោរបង់, ទី៣៖ អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោម, ទី៤៖ ពិនិត្យមើលចំណីអាហារ ដែលអាចនឹងជូរផ្អូម, ទី៤៖ លាងសំអាតបន្លែផ្លែឈើជាមួយទឹកស្អាតមុនបរិភោគ, ទី៦៖ សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ, ទី៧៖ ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ, ទី៨៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា, ទី៩៖ កុំរក្សាទុកអាហារក្នុងកំដៅធម្មតា លើសពី២ម៉ោង, ទី១០៖ មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ យើងរក្សាទុកអាហារ ក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាព៦០អង្សាសេ និងទី១១៖ កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។
បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញានៃការពុលស្រាដូចជា៖ ឈឺក្បាល ក្អួត, ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម សូមស្វែងរកការពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល សូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬក្នុងពេលបញ្ហាគ្រឿង ម៉ាស៊ីន។ សូមបើកបរដោយមានការប្រុងប្រយ័ត្ន ពាក់ខ្សែក្រវ៉ាត់ជាប់ជានិច្ចក្នុងពេលបើកបរ កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរ ដើម្បីរួមគ្នាបញ្ចៀសឱ្យបាននូវគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវសាធារណៈដោយសារតែការធ្វេសប្រហែស បើកបរលឿនពេក និងមិនគោរពច្បាប់បើកបរជាដើម។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖