(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានព្រមានយ៉ាងដាច់អហង្កាថា ត្រូវតែចាត់វិធានការតឹងតែងចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលនៅតែមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu) ហើយលោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យ និងបញ្ជ្រាបបញ្ហានេះដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ឲ្យបានមុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ការថ្លែងយ៉ាងម៉ឺងម៉ាត់បែបនេះ ត្រូវធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ ឆមាសទី២ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវទប់ស្កាត់ការឡើងថ្លៃហួសហេតុពេកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយត្រូវបញ្ជ្រាបឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ដាក់បង្ហាញតារាងតម្លៃលើមុខទំនិញ-សេវាកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងអាចទទួលយកបាន។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងផាកតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ បើគេសរសេរហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការជឿជាក់ថា ការធ្វើបែបនេះយូរៗទៅប្រាកដជាជំរុញឲ្យអាជីវករទាំងនោះភ្ញាក់រឭក និងងាកមកអនុវត្តត្រឹមត្រូវវិញ ពីព្រោះការប្រកបអាជីវកម្មរបស់ពួកគេមិនមែនតែមួយថ្ងៃពីរថ្ងៃឯណា ពោលគឺពួកគេនៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវការភ្ញៀវចូលច្រើនដែរ តែបើថ្លៃហួសហេតុពេក ភ្ញៀវមិនអាចទទួលយកបាន គេក៏ឈប់ចូលដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដាស់តឿនជាថ្មីដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីមានសមត្ថកិច្ច ត្រូវយកចិត្តទុកលើបញ្ហាសំរាម និងបរិស្ថានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសត្រូវខិតខំពង្រឹងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឲ្យបានផុសផុល និងត្រូវទប់ស្កាត់ការចោលសំរាមតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព៕