(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធ អាករសម្រាប់ថវិកាជាតិបាចំនួន ៣,៣៣៩.០៧ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៨៣៤.៧៧ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសានេះ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់អំពីកិច្ចខិតខំអនុវត្តនូវការធ្វើកំណែទម្រង់គោលនយោបាយ និងកំណែទម្រង់រដ្ឋបាលសារពើពន្ធ ព្រមទាំងការធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធដារ ដែលជាកត្តាជំរុញឱ្យសម្រេចបាននូវ លទ្ធផលនិងសមិទ្ធផលជាច្រើន ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករ លោកបានបញ្ជាក់ថា សម្រាប់ខែមីនា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១,៩០៤.១៦ ប៊ីលានរៀល (ប្រមាណជា៤៧៦.០៤លានដុល្លារអាមេរិក) ស្មើនឹង២០.៨០% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០១៨ ឃើញថាកើនឡើងចំនួន ១១៨.០៧ប៊ីលានរៀល (ប្រមាណជា២៩.៥២ លានដុល្លារអាមេរិក) ស្មើនឹង ៦.៦១%។
សរុបរយៈពេល០៣ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៣,៣៣៩.០៧ ប៊ីលានរៀល (ប្រមាណ៨៣៤.៧៧ លានដុល្លារអាមេរិក) ស្មើនឹង ៣៦.៤៨% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៣ ខែ ឆ្នាំ២០១៩ កើនឡើងចំនួន២៩២.៦៥ ប៊ីលានរៀល (ប្រមាណជា ៧៣.១៦ លានដុល្លារអាមេរិក) ស្មើនឹង១២.៣៥%។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងផ្តល់មូលវាចារណ៍យ៉ាងថ្លៃថ្លា ចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមីនា និងប្រចាំត្រីមាស ឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចលើសផែនការ ឱ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន ក្នុងការប្រមូលចំណូលពន្ធ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការពង្រឹងអភិបាលកិច្ចល្អ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លើវិធានការ និងទិសដៅត្រូវអនុវត្តបន្ត ដូចខាងក្រោម៖
* ធ្វើការពិនិត្យសិក្សាលើតម្រូវការ និងរៀបចំដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានានូវប្រសិទ្ធភាពនិងគាំទ្រដល់ការអនុវត្តនៃបទប្បញ្ញត្តិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។
* បង្កើនការផ្សព្វផ្សាយអំពីខ្លឹមសារនិងការអនុវត្តនៃលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញកន្លងមក ក្នុងគោលដៅកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។
* ពន្លឿនការរៀបចំនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តនូវវិធានការពាក់ព័ន្ធនឹងពន្ធដារដែលទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី។
* បន្តសហការល្អជាមួយវិស័យឯកជន និងទទួលនូវមតិស្ថាបនា សំដៅធ្វើយ៉ាងណាជំរុញ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការផ្ដល់សេវាជូនដល់អ្នកជាប់ពន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ព្រមទាំងបន្តអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ក្នុងស្មារតីម៉ឺងមាត់ និងហ្មត់ចត់បំផុត។
* ស្នើអគ្គនាយកដ្ឋានពន្ធដារ បន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម និងការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញ។
* បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន ស្របពេលអគ្គនាយកដ្ឋានពន្ធដារ កំពុងពង្រីកនូវវិសាលភាពនៃទំនើបកម្មរដ្ឋបាលសារពើពន្ធ ទៅតាមសាខាពន្ធដារទូទាំងប្រទេស។
* បន្តជំរុញ និងពន្លឿននូវការរៀបចំយន្តការបង្វិលសងអាករលើតម្លៃបន្ថែម ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងត្រូវមានការយកចិត្តទុកដាក់សិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ៕