(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។
សូមរំលឹកថា កម្ពុជាគ្រោងនឹងជួលនាវាផលិតថាមពលអគ្គិសនីពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពលក្នុងពេលកម្ពុជាជួបការខ្វះខាតថាមពលអគ្គិសនីក្នុងរដូវក្តៅនេះ ដោយសារតែវារីអគ្គិសនីមិនអាចផលិតថាមពលបានបានគ្រប់តាមសមត្ថភាព។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការ។ មួយវិញទៀតដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ហេតុផលថា នៅពេលនេះកម្ពុជាទទួលបានការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយកថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំងឲ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។
ធ្វើដូច្នេះយើងមានភ្លើង២០០មេហ្គាសម្រាប់បន្ថយការលំបាករយៈពេលជាង១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ លើសពីនោះទៀត រាជរដ្ឋាភិបាលចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពលអគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅដែលទាំងនេះ ក្លាយទៅជាផលប្រយោជន៍ច្រើន និងវែងឆ្ងាយ៕