(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលស្ករត្នោតកំពង់ស្ពឺ ត្រូវចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប កាលពីថ្ងៃទីទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ភាពអឺរ៉ុប។
សហភាពអឺរ៉ុបប្រចាំកម្ពុជាបានលើកឡើងថា ដោយទទួលបាននូវការស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា ស្ករនេះត្រូវបានផលិតចេញពីទឹកត្នោត ដែលបានប្រមូល និងកែច្នៃនៅស្រុកចំនួនបី ដែលមានទីតាំងនៅកណ្តាល នៃប្រទេសកម្ពុជា។ ការប្រមូលផលស្ករនេះ ត្រូវបានធ្វើឡើងដោយក្រុម អ្នកផលិតស្ករត្នោតក្នុងស្រុក ដែលឡើងទៅកំពូលនៃដើមត្នោតនីមួយៗ ដើម្បីប្រមូលទឹកដែលកៀបចេញពីផ្កាត្នោត។
លោក សម សារឿន ប្រធាន សមាគម អភិវឌ្ឍន៍ ស្ករត្នោត កំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ថា ការទទួលស្គាល់ពីអឺរ៉ុបនេះ ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មកម្ពុជា និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ ដែលជាអ្នកខិតខំប្រឹងប្រែងតស៊ូ រហូតសម្រេចដូចបំណង ហើយសមាគមក៏បានព្យាយាមផលិត នូវស្ករត្នោតគោរពតាមសៀវភៅបន្ទុកផងដែរ។
ប្រធានសមាគមរូបនេះបញ្ជាក់ថា ផលចំណេញពីការចុះបញ្ជីស្ករត្នោតនៅអឺរ៉ុបមាន៣៖ ទី១ ផលចំណេញដល់ប្រជាកសិករ ដែលជាអ្នកឡើងត្នោត ផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ ឲ្យកាន់តែខិតខំប្រឹងប្រែងមិនរត់ចោលរបរនេះ។ ទី២៖ ផ្តល់កិត្តិយស និងកេរ្តិ៍ឈ្មោះដល់ប្រទេសជាតិ និងរាជរដ្ឋាភិបាលកម្ពុជា និងទី៣ ផលប្រយោជន៍ដល់អ្នកបរិភោគ នៅលើពិភពលោក ដោយអ្នកបរិភោគស្ករត្នោតកំពង់ស្ពឺ មិនមានប៉ះពាល់សុខភាព មិនមានផ្ទុកនូវសារធាតុគីមីឡើយ ដោយធានាបាននូវភាពសុទ្ធ។
លោក សម សារឿន បញ្ជាក់ថា កាលពីឆ្នាំ២០១៨ សមាគមស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានប្រមាណ៣៥០តោន ក្នុងនោះលក់ចេញតាមប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្ត (GI) មានប្រមាណ២០០តោន។
សូមជម្រាបថា ស្ករត្នោត កំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជាផលិតសម្គាល់ ភូមិសាស្ត្រ (GI) នៅឆ្នាំ២០១០៕