(ឈៀងរ៉ៃ, ប្រទេសថៃ)៖ នៅក្នុងខិតខំប្រឹងប្រែងដើម្បីជំរុញសេរីភារូបនីយកម្មនៅក្នុងតំបន់, ជាពិសេសលើផ្នែកសេវាហិរញ្ញវត្ថុ, កម្ពុជារួមនឹងបណ្តាប្រទេសជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើ ពិធីសារដើម្បីអនុវត្ថុកញ្ចប់ទីប្រាំបី នៃការប្តេជ្ញាបើកចិត្តចំហរសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវា ស្របតាមផែនការមេនៃសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២៣ ដោយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគាកណ្តាលអាស៊ានលើកទី៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ ហើយលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំខាងលើ។
កិច្ចប្រជុំខាងលើនេះ បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ហើយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំសារជាថ្មី ចំពោះការខិតខំប្រឹងប្រែងធ្វើសមាហរណកម្ម អាស៊ានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងស្ថេរភាពហិរញ្ញវត្ថុនៅក្នុងតំបន់ ក្នុងពេលដែលពិភពលោក និងតំបន់កំពុងជួបប្រទះភាពមិនប្រាកដប្រជា ដែលកើតឡើងពីការរឹតត្បឹតពាណិជ្ជកម្ម និងការកែសម្រួលគោលនយោបាយនៃប្រទេសជឿនលឿន។
រដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃអាទិភាពដែលបានដាក់ចេញប្រទេសថៃដែលជាប្រធានអាស៊ាន ដើម្បីបង្កើនការតភ្ជាប់ និរន្តភាព និងភាពធនរបស់អាស៊ាន ដែលជាសសរស្តម្ភសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅឆ្នាំ២០១៩នេះ។ បន្ថែមពីនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការហិរញ្ជវត្ថុអាស៊ាន រួមមានកិច្ចការសម្រួលពាណិជ្ជកម្មតាមរយៈកិច្ចសហប្រតិបត្តិការគយ និងពន្ធដា, កិច្ចសហប្រតិបត្តិការធានារ៉ាប់រង, ការអភិវឌ្ឍទីផ្សាមូលបត្រ និងពិសេសមូលនិធិហេដ្ឋារចនា សម្ព័នអាស៊ាន ដែលបានដាក់សម្ពោធយន្តការហិរញ្ញប្បទានថ្មីចំនួនពីរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២៣ នេះ គឺ ១)Inclusive Finance Facility (IF Facility) និង 2) ASEAN Catalytic Green Finance Facility (ACGF Facility)។
យន្តការហិរញ្ញប្បទានថ្មីទាំងពីរខាងលើនេះ នឹងអនុញ្ញាតឱ្យកម្ពុជា ក្នុងនាមប្រទេសមានការអភិវឌ្ឍតិចតួច មានលទ្ធភាពប្រើប្រាស់មូលនិធិនេះ ក្នុងលក្ខខណ្ឌសមស្រប និងប្រសើរជាងមុន។ ជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការគយ អង្គប្រជុំបានកត់សម្គាល់លើវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការនូវបញ្ជរតែមួយអាស៊ាន និងបានស្នើសុំឱ្យប្រទេសសមាជិកអាស៊ានដែលមិនទាន់ចូលរួម ក្នុងដំណើរការនៃបញ្ជរតែមួយអាស៊ាន ពន្លឿនប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន ដើម្បីចូលរួមក្នុងដំណើរការនេះឱ្យបានឆាប់ យ៉ាងយូរនៅចុងឆ្នាំ២០១៩។
សម្រាប់កិច្ចសហប្រតិបត្តិការពន្ធការ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានស្វាគមន៍ដល់វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាងប្រទេសសមាជិក អាស៊ាន និងបានស្នើសុំឱ្យសមាជិកទាំងអស់បន្តចរចារកិច្ចព្រមព្រៀងដែលនៅសល់ឱ្យបានឆាប់។
ដោយឡែកនៅក្នុងកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន, អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មសេវា ហិរញ្ញវត្ថុអាស៊ាន តាមរយៈការធ្វើសេរីភាវូបនីយកម្មលើសេវាហិរញ្ញវត្ថុ និងគណនីមូលធនអាស៊ាន, ការអភិវឌ្ឍទីផ្សាមូលបត្រដែលជាប្រភព នៃការផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ យ៉ាងសំខាន់, ការអភិវឌ្ឍលើប្រព័ន្ធទូទាត់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក។
អង្គប្រជុំក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើចំណុចសំខាន់ចំនួនពីរគឺ៖ ១) ការពង្រឹងភាពធនអាស៊ាន ខណៈពេលដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និង២) ការលើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ហិរញ្ញប្បទាន ប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏ដូចជានៅក្នុងជំនួបជាមួយវិស័យឯកជន, លោក វង្សី វិស្សុត បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងភាពប្រកួតប្រជែង របស់អាស៊ាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែត ព្រមទាំងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការវិនិយោគ ជាដើម។ល។ ក៏ដូចជា សមិទ្ធផលខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេលកន្លងមក និងការដាក់ចេញនូវយុទ្ធសាស្រ្ត, គោលនយោបាយ និងវិធានការជាក់ស្តែងនានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយ្នាប័ន៕