(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បានយាងនិវត្តន៍ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃនេះរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងព្រះញាតិវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីព្រះបរមរាជវាំងផងដែរ។
សូមបញ្ជាក់ថា តបតាមការយាងរបស់ក្រុមគ្រូពេទ្យចិននោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
ក្នុងកំលុងពេលនៃព្រះអវត្តមាន របស់អង្គព្រះមហាក្សត្រខ្មែរពីមាតុភូមិកម្ពុជានេះ ព្រះរាជភារកិច្ចរបស់ព្រះអង្គត្រូវបានបំពេញជំនួសដោយសម្តេច សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី។ ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរនេះ ប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួងនានា ក៏ដូចតែងតាំងទីប្រឹក្សា ជំនួយការថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូប។ ក្រៅពីនោះក៏មានការផ្លាស់ប្តូរតួនាទី និងដំឡើងឋានន្តរស័ក្តិមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផ្សេងទៀត៕