(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹករឿងលោក ខៀវ សំផន មេដឹកនាំខ្មែរក្រហម និងលោក សឺន សាន ជាស្ថិតនៅក្នុងក្រុមត្រីភាគី បានទាមទារលុបចោល នូវរូបិយវត្ថុប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថា ពេលនោះសម្តេចប្រឆាំងយ៉ាងដាច់អហង្កា មិនធ្វើតាមការទាមទារ របស់ពួកគេឡើយ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
ក្នុងពិធីនោះ សម្តេចបានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំនៅចាំបានថា ត្រីភាគីជាពិសេសខ្មែរក្រហម និងសឺន សាន បានទាមទារឱ្យលុបចោលនូវរូបិយបណ្ណប្រាក់រៀល មុនកិច្ចព្រមព្រៀងទីក្រុងបារីស ត្រូវបានចុះហត្ថលេខា បានខ្ញុំចង្អុលមុខ ខៀវ សំផន និងសឺន សាន ថាអ្នកឯងយល់យ៉ាងម៉េច»។
សម្តេចបានបន្តថា៖ «ក្រុមត្រីភាគី មិនអាចយកឈ្នះ ហ៊ុន សែន បានទេ គឺ៣ទល់នឹង១ ពួកគេមើលកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលរៀបចំដោយប្រទេសធំ ប៉ុន្តែពួកគេភ្លេចគិតថា SNC ជាប្រភពអំណាចតែមួយគត់ នៅក្នុងដំណាក់កាលអន្តរកាល»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសកម្ពុជា។ ខ្មែរទាំង៤ភាគី រួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចនរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដី ភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។
ខ្លឹមសារ សំខាន់ៗ នៃ កិច្ចព្រមព្រៀងនេះ រួមមាន៖ ការព្រមព្រៀងឈប់បាញ់ រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ, ការកាត់រំសាយទ័ព, ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុង អំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយ នឹងចលនាតស៊ូ នៅជាយដែន), ការរៀបចំការបោះឆ្នោត តាម បែបប្រជាធិបតេយ្យ, ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់រក្សាសន្តិភាព និងរៀបចំការបោះឆ្នោតទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង, ការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួនខ្មែរ ជាពិសេសពីជំរំជនភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ, កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជារួមមាន ដូចជាគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស, ការគោរព សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋជាដើម។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការទាមទារមិនបានសម្រេចរបស់ ក្រុមខ្មែរក្រហម និងលោកតា សឺន សាន ទៀតថា «អ្វីដែលគួរឱ្យសោកស្តាយ គឺពួកគេបានទាមទារឱ្យរំលាយចោលនូវ ប្រាក់រៀលរបស់កម្ពុជា ហើយគេសុំស្នើ អ្វីដែលពិបាកបំផុត គឺរឿង សឺន សាន គឺគាត់បានស្នើឱ្យបោះលុយ SNC ប៉ាស្ព័រ SNC លុយ SNC។ បានខ្ញុំថា ឯកឧត្តម តើអ៊ុនតាក់ត្រូវនៅប៉ុន្មានឆ្នាំ SNC ត្រូវនៅប៉ុន្មានឆ្នាំ។ SNC បញ្ចប់វត្តមាន នៅពេលដែលសភាធម្មនុញ្ញ ក្លាយទៅជាសភាជាតិបង្កើតរដ្ឋាភិបាល។ ក្នុងសំណូមពរ២នេះ ខ្ញុំយល់ព្រមតែមួយទេ គឺបោះប៉ាស្ព័រ SNC ហើយប្រើប្រាស់តែសមាជិក SNC និងលេខាធិការដ្ឋាន SNC ប៉ុណ្ណោះ ក្រៅពីនោះនៅក្នុងតំបន់រដ្ឋបាលរបស់នរណា ប្រើលិខិតឆ្លងដែនរបស់អ្នកនោះ»។
ទោះជាយ៉ាងនេះក្តី ដោយសារតែការប្រឆាំងចំពោះការទាមទារលុបចោលនូវប្រាក់រៀល ទីចុងបំផុត ប្រាក់រៀល ដែលកម្ពុជាបានបោះលើកដំបូង នៅ២០ មីនា ឆ្នាំ១៩៨០ ដែលរហូតដល់ពេលនេះ មានអាយុ៣៩ឆ្នាំហើយ ហើយកំពុងតែបន្តប្រើប្រាស់ទៅមុខជានិរន្តន៍៕