(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា នាដើមទស្សវត្សរ៍ឆ្នាំ៩០ តាមរយៈប្រតិបត្តិការរបស់ UNTAC នៅកម្ពុជា បានធ្វើមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ពោលនៅពេលនេះ វត្តមាននៃប្រាក់ដុល្លារកើតមានខ្លាំងក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងពេលចូលមករក្សាសន្តិភាព នៅកម្ពុជា UNTAC បានប្រើលុយប្រមាណ២ពាន់លានដុល្លារអាមេរិកនៅកម្ពុជា ដោយគ្មានការប្តូរជាប្រាក់រៀល នោះទេ ហេតុនេះប្រតិបត្តិការរបស់ UNTAC នៅកម្ពុជាបានបង្កជាបញ្ហាសេដ្ឋកិច្ច។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញ អំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ តាំងពីសម័យកាលហ្វូណន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បុគ្គលិក UNTAC មកកម្ពុជា មានសិទ្ធិទិញឥវ៉ាន់ដោយមិនចាំបាច់បង់ពន្ធ ដោយ UNTAC ជាអ្នកនាំចូលហើយគេបានទិញហើយ គេមិនយកទៅស៊ីខ្លួនគេ គេទៅយកលក់នៅផ្សារថ្មី ផ្សារអូឫស្សី ពេញផ្សារទាំងអស់ ចឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនៅក្នុងកាលៈទេសៈនោះជួបការលំបាក»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលចាយលុយសេរីដូចកម្ពុជានោះទេ ពោលសម្រាប់ការបំពេញ បេសកកម្មរក្សាសន្ដិសុខ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសនានាគេយកប្រាក់ដុល្លារ ទៅដូរជាមួយនឹងប្រាក់នៅប្រទេសនោះទើបអាចធ្វើចរាចរណបាន។
បទពិសោធន៍នេះហើយ ត្រូវបានសម្ដេចយកមកប្រើប្រាស់នៅពេលដែលកងទ័ពរបស់កម្ពុជា ទៅបំពេញបេសកកម្មក្រៅប្រទេស ព្រោះថាសម្ដេចតែងតែនាំឲ្យប្ដូរប្រាក់ជាមុន មុននឹងចាកចេញទៅប្រទេសដទៃ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចាយវាយ។ និយាយដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យប្រទេសដទៃទៀត ពាក់ព័ន្ធនឹងកងកម្លាំងប្រតិបត្តិការរក្សាសន្ដិភាព កុំអនុញ្ញាតឲ្យមានការចាយប្រាក់ដូចកម្ពុជា ដែលនេះគំរូមិនល្អនោះឡើយ ព្រោះកម្ពុជាមិនបានតម្រូវឲ្យប្ដូរនោះទេ ដែលជាហេតុនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «បទពិសោធន៍បែបនេះជាការល្អហើយ កុំយកគំរូតាមកម្ពុជានៅក្នុងប្រតិបត្តិការរក្សាសន្ដិភាព តាមប្រទេសនីមួយៗ ដែលនាំទៅដល់ស្ថានភាពរ៉ាំរ៉ៃដូចជានៅកម្ពុជាជាដើម»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានអះអាងថា ទាំងអស់នេះ ជាអ្វីដែលសម្ដេចចង់បញ្ជាក់ទៅកាន់សាធារណៈជន នូវរឿងរ៉ាវខ្លះដែលពីមុននេះមិនធ្លាប់បានលឺ អំពីការទាមទារលុបបំបាត់ចោលនូវរូបីយ៍វត្ថុរបស់ប្រទេសដទៃ៕