(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានលទ្ធភាពបោះក្រដាសប្រាក់រៀលដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ដោយមិនមានការព្រួយបារម្ភពីការក្លែងបន្លំខុសពីអតីតកាល ដែលក្រដាសប្រាក់រៀល ត្រូវបានយកទៅបោះនៅបរទេស ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាក្នុងសម័យនោះ។
ប្រសាសន៍បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញ អំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រាជធានីភ្នំពេញ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ស្ថានភាពថ្ងៃនេះ ដែលនៅថ្ងៃនេះដែលយើងអាចបោះក្រដាសប្រាក់ បានដោយខ្លួនឯងដោយគ្មានការក្លែងបន្លំបាន ដោយយើងមានម៉ាស៊ីនទំនើបៗ យកមកធ្វើការប្រើប្រាស់ពេលនោះវាលំបាកណាស់ សម្រាប់យើងទើបនឹងបោះឱ្យចរាចរណ៍»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ប្រទេសកម្ពុជាបានបោះក្រដាសប្រាក់របស់កម្ពុជាឡើងវិញ ជាលើកដំបូង គឺបោះនៅទីមូស្គូ ប្រទេសរុស្ស៉ី កាលពីសម័យនោះ មានភាពវេទនាខ្លាំងណាស់ គឺបោះក្រដាសប្រាក់បានហើយ នៅជួបបញ្ហាអត់មធ្យោបាយដឹកជញ្ជូនក្រដាសប្រាក់រៀលរបស់ខ្លួនមកប្រទេសទៀត ទាំងនេះមកពីកម្ពុជា មិនទានមានម៉ាស៊ីនបោះក្រដាសប្រាក់ ដោយខ្លួនឯងរហូតមកឆ្នាំ១៩៨៨ ឬ១៩៩០ កម្ពុជាបានទិញម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីបោះក្រដាសប្រាក់តូចៗ តែប៉ុណ្ណោះ។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីបោះក្រដាសប្រាក់នៅប្រទេសរុស្ស៊ីរួចមក កម្ពុជាបានយកក្រដាសប្រាក់រៀល របស់ខ្លួនទៅបោះនៅអាល្លឺម៉ង់ បានមួយរយៈពេល ហើយក្រោយមកក៏នាំយកទៅបោះនៅប្រទេសបារាំង ដើម្បីយកមកបំពេញសេចក្តី ត្រូវការនៅក្នុងប្រទេសកម្ពុជា ដែលទាមទារឱ្យមានការចរាចណ៍ សម្រាប់ចាយវាយក្រដាសប្រាក់ ដើម្បីទូទាត់លើការចំណាយលើមុខទំនេញផ្សេងផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រាក់រៀលរបស់កម្ពុជា នាពេលបច្ចុប្បន្ន បានមានកំណើតជាថ្មីចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ មកដល់ពេលនេះមានអាយុ៣៩ឆ្នាំហើយ៕