(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការមើលរំលងតួនាទីរូបិយវត្ថុជាតិ ធ្វើឲ្យបាត់បង់ ភាពម្ចាស់ការ លើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិនឹងមានភាពទន់ខ្សោយ។
ក្នុងឱកាសអញ្ជើញសម្ពោធ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដែលកត្តាទាំងអស់នេះ ជំរុញឲ្យព្រះមហាក្សត្រខ្មែរមួយចំនួន ព្យាយាមកសាងអធិបតេយ្យជាតិ ដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការមើលរំលង តួនាទីរូបិយវត្ថុជាតិ ធ្វើឲ្យបាត់បង់ ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិ នឹងមានភាពទន់ខ្សោយលើគ្រប់វិស័យដែលកត្តាទាំងអស់នេះ បានជំរុញឲ្យព្រះមហាក្សត្រខ្មែរមួយចំនួន ព្យាយាមកសាងអធិបតេយ្យជាតិ ដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង»។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុ ដែលមានប្រភពពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេសតាំងពីសតវត្ស ទី១ នៅសម័យនគរភ្នំ រហូតមកដល់សម័យ អង្គរ ពេលដែលកម្ពុជាបានក្លាយជាអាណាចក្រ មានការរីកចម្រើនដល់កំពូល ប៉ុន្តែកម្ពុជាពុំបានបោះពុម្ពរូបិយវត្ថុជាតិនោះទេ តែបានប្រើប្រាស់ប្រាក់សំប៉ែតដែលនាំមកដោយជនជាតិចិន។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅដើមសតវត្សរ៍ទី១៦ «ព្រះស្រីជេដ្ឋារាជវាមានាធិបតី» ហៅ «ស្តេចកន» ព្រះរាជដំបូងគេបង្អស់របស់កម្ពុជា បានបោះផ្សាយរូបិយវត្ថុជាតិ គឺ«ប្រាក់ស្លឹង» ដើម្បីពង្រឹងអំណាចផ្នែក សេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេស ដូចជាការដោះដូរពាណិជ្ជកម្មជាមួយអ្នកជំនួញព័រទុយហ្គេ និងអេស្បាញ តាមរយៈ «ប្រាក់ព្យ៉ាស់» និងការរៀបចំប្រព័ន្ធពន្ធដារច្បាស់លាស់ ដោយផ្អែកលើរូបិយវត្ថុជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងអំណាចកងទ័ពផងដែរ។
សម្ដេចបន្ដថា នៅសតវត្សន៍ទី១៩ ព្រះបាទអង្គឌួងបានបោះផ្សាយរូបិយ -វត្ថុជាតិ គឺ «ប្រាក់ប្រាសាទ» ដើម្បីពង្រឹងភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យជាតិ និងរំដោះប្រទេសជាតិចេញ ពីឥទ្ធិពលនៃ ប្រទេសជិតខាង។ នៅសម័យក្រោមអាណាព្យាបាលបារាំង កម្ពុជាមិនមានអធិបតេយ្យផ្នែករូបិយវត្ថុទេ ប៉ុន្តែកម្ពុជា បានប្រើប្រាស់រូបិយវត្ថុ ក្រដាសប្រាក់ព្យ៉ាស់ ដែលបោះផ្សាយដោយធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជបារាំង សម្រាប់ប្រទេសនៅឥណ្ឌូចិន រួម មាន កម្ពុជា វៀតណាម និងឡាវ ដើម្បីជាមធ្យោបាយទូទាត់សន្សំ និងខ្នាតកំណត់តម្លៃទំនិញ និងសេវារហូតដល់ឆ្នាំ ១៩៤៨៕