(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅសហរដ្ឋអាមេរិក ដែលទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ មេបញ្ជាការ នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក
បើតាមការផ្សព្វផ្សាយរបស់ក្រុមការងាររបស់លោក ហ៊ុន ម៉ាណែត គឺក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក នឹងចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19 »។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោក នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។
ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបំរាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ មុននឹងមានទស្សនកិច្ច នៅសហរដ្ឋអាមេរិកនេះ លោកបានបំពេញទស្សនកិច្ចនៅបណ្តាប្រទេសសំខាន់មួយចំនួន ក្នុងនោះរួមមានដូចជា មហាយក្សចិន រុស្ស៉ី និងប្រទេសថៃជាដើម៕