(ភ្នំពេញ)៖ កិច្ចសន្ទនាប្រចាំឆ្នាំរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមការងាររបស់អង្គការសហប្រជាជាតិ (UN team) នឹងធ្វើឡើងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក (UN-ESCAP)។
លោកបន្ថែមថា នៅក្នុងកិច្ចសន្ទនាប្រចាំឆ្នាំរវាងប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារ UN កម្ពុជាក៏នឹងលើកប្រធានបទចំនួន៣ ដើម្បីស្នើសុំឲ្យក្រុមការងារ UN ជួយសហការដែរ។ ប្រធានបទទាំងនោះរួមមាន៖ ទី១៖ ការការពារសង្គម, ទី២៖ ទន្និន័យសម្រាប់ការអភិវឌ្ឍ និងទី៣៖ របាយការណ៍ប្រចាំឆ្នាំមួយរបស់ប្រទេសកម្ពុជា ដែលរបាយការណ៍ទាំងនេះនឹងត្រូវដាក់ជូនទៅ UN នៅទីក្រុងញ៉ូវយ៉កនៅខែកក្កដា ខាងមុខនេះ។
លោក កេត សោផាន់ បានឲ្យដឹងថា តបតាមការស្នើសុំរបស់មន្ត្រីជាន់ខ្ពស់ UN ប្រមុខការទូតកម្ពុជា បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ UN ជារៀងរហូត ជាពិសេសនឹងគាំទ្រកិច្ចសន្ទនាប្រចាំឆ្នាំរវាង សម្តេចតេជោ ហ៊ុន សែន និងក្រុមការងារ UN នាពេលខាងមុខនេះផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមការស្នើសុំរបស់លោកស្រី Armida Salsiah Alisjahbana ក្នុងការគាំទ្រដើម្បីជាកិច្ចសហប្រតិបត្តិការត្បូងៗ និងដំណើរការកំណែទម្រង់ក្នុងកម្មវិធីអភិវឌ្ឍន៍របស់ UN ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងរឹងមាំថា នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះដល់ពេលអនាគត ហើយជាពិសេសនៅថ្ងៃទី០៦ ខែឧសភានេះ ជាកិច្ចសន្ទនាប្រចាំឆ្នាំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមការងារ UN»៕