(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រសួងសាធារណការកំពុងធ្វើការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរកវិធីដោះស្រាយ លើការកាត់ឈ្មោះកម្មសិទ្ធិយានយន្ដ ឲ្យកាន់តែមានភាពងាយស្រួល ដល់ម្ចាស់រថយន្ដទាំងអស់។
ការលើកឡើង របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឱកាស ដែលលោកទេសរដ្ឋមន្ដ្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋរបស់យើង មិនចង់ដូរទេដោយសារតែដូរទៅត្រូវបង់ប្រាក់ប្រហែល៤ភាគរយ តម្លៃនៃការដូរកម្មសិទ្ធិ ហើយវាមានផលពិបាកផង ដូច្នេះក្រសួងសាធារណការ កំពុងធ្វើការជាមួយ ក្រសួងសេដ្ឋកិច្ច ដើម្បីតភ្ជាប់ប្រព័ន្ធពន្ធដារ ជាមួយប្រព័ន្ធ Online របស់ក្រសួងធ្វើតែមួយកន្លែងបានហើយ គាត់អាចដូរឈ្មោះកម្មសិទ្ធិរបស់គាត់បាន»។
លោករដ្ឋមន្ដ្រីបានបន្ថែមទៀតថា ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ក៏កំពុងតែពិភាក្សាគ្នា ឲ្យមានការយកកម្រៃទាប ចំពោះប្រជាពលរដ្ឋណា ដែលមានមិនទាន់មកកាត់ឈ្មោះផងដែរ ក្នុងរយៈពេល៣ខែ។ លោកបន្ដថា ក្នុងរយៈពេល៣ខែនេះ លោកក៏ចង់ឲ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដទាំងអស់ មកធ្វើបច្ចុប្បន្នភាពអំពីទីលំនៅរបស់គាត់ បើមិនដូច្នេះ នៅពេលដែលផាកពិន័យ រកមិនឃើញនោះទេ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ដទាំងអស់ ដែលមានស្លាកលេខចាស់ សូមអញ្ជើញមកប្ដូរយកស្លាកលេខថ្មី ដែលមាន QR Code ដើម្បីមានសិទ្ធិរក្សាទុក ស្លាកលេខរបស់ខ្លួន នៅពេលដែលលក់រថយន្ដ៕