(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយដ្ឋានបុគ្គលិក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធសកម្មភាពដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាយកដ្ឋានបុគ្គលិក បានបញ្ជាក់ថា នាយកដ្ឋានបានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ តាមការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាលទ្ធផលបង្ហាញឲ្យឃើញថា៖
*ទី១៖ ក្រោយពីមានការចុះផ្សាយខាងលើ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ រដ្ឋបានខេត្តស្វាយរៀង បានធ្វើការឆ្លើយតបម្តងរួចមកហើយ គឺរដ្ឋបាលខេត្ត ទទួលយកទាំងស្នាដៃដឹកនាំ និងការយកចិត្តដាក់អនុវត្តផែនការ ព្រមទាំងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត របស់ស្នងការ។
*ទី២៖ ការលើកឡើងអំពីស្នាមម្រាមដៃរបស់មន្រ្តីនគរបាល ដែលបានប្តឹងពីការដឹកនាំ គាបសង្កត់មន្រ្តីថ្នាក់ក្រោម និងប្រព្រឹត្តអំពើពុករលួយ ជាលទ្ធផលរកពុំឃើញបណ្តឹងអនាមិកនោះទេ។
*ទី៣៖ ដោយឡែកការងារតែងតាំងមន្រ្តីនគរបាលទូទាំងខេត្ត គឺមានតម្លាភាព ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងអតីតភាពការងារ មិនពាក់ព័ន្ធទៅនឹងសាច់ញាតិនោះទេ។
*ទី៤៖ ចំពោះច្រកតំបន់តាមបន្ទាត់ព្រំដែន ចំនួន ២កន្លែង ក្នុងនោះគឺ៖ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន ដែលបានចុះផ្សាយថា រកចំណូលមិនក្រោម ២០,០០០ដុល្លារ ក្នុងមួយយប់ជាថ្នូរអនុញ្ញាតឲ្យនាំទំនិញចូលមកកម្ពុជាដោយសេរីនោះ តាមការចុះពិនិត្យទីតាំងភូមិសាស្រ្តជាក់ស្តែង គឺពុំអំណោយផល នាំឲ្យមានការចរាចរទំនិញផ្សេងៗ យ៉ាងគគ្រឹកគគ្រេងឆ្លងកាត់តាមតំបន់នោះទេ។ ម៉្យាងវិញទៀត ច្រកតំបន់តាមបន្ទាត់ព្រំដែននីមួយៗ គឺស្ថិតក្រោមការគ្រប់គ្រង របស់សមត្ថកិច្ចចម្រុះ ចំនួន ៣ស្ថាប័ន រួមមាន៖ មន្រ្តីសាលាខេត្ត សមត្ថកិច្ចគយ និងសមត្ថកិច្ចនគរបាល ធ្វើការគ្រប់គ្រងត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់។
*ទី៥៖ ផ្អែកតាមការស្រង់មតិជាទូទៅ ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ភាគច្រើនទទួលបាននូវការគាំទ្រ ចំពោះសកម្មភាពការងារដឹកនាំពោរពេញ ដោយសមត្ថភាព និងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីថ្នាក់ក្រោម ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាហេតុនាំមកនូវកត្តាសាមគ្គីភាពផ្ទៃក្នុង អង្គភាពយ៉ាងល្អប្រសើរ៕