(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំនេះ ប្រទេសចិនបានទិញអង្ករពីកម្ពុជាច្រើនជាងគេបំផុត វ៉ាដាច់ប្រទេសសហគមន៍អឺរ៉ុបទាំងអស់ ដែលទិញអង្ករកម្ពុជា។ នេះបើតាមទិន្នន័យផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៅថ្ងៃទី១០ ខែមេសានេះ។
របាយការណ៍បានបញ្ជាក់ថា រយៈពេល៣ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករបានចំនួន១៧០,៨២១តោន (៩០ភាគរជាអង្ករក្រអូប) កើនឡើង៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ដែលមានត្រឹមតែ១៦១,១១៥តោនប៉ុណ្ណោះ។
របាយការណដដែលបញ្ជាក់ទៀតថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ទៅប្រទេសចិនចំនួន ៧៥,២១៤តោន កើនឡើង៨១ភាគរយរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមាន៤១,៤១២តោនប៉ុណ្ណោះ ខណៈសហគមន៍អឺរ៉ុប ដែលប្រទេសចំនួន១៩ កំពុងទិញអង្ករពីកម្ពុជានោះ បានទិញអង្ករកម្ពុជាចំនួនត្រឹមតែ៥១,៥៥២តោនប៉ុណ្ណោះ ធ្លាក់ចុះ៣២ភាគរយ បើធៀបនឹង៣ខែ ឆ្នាំ២០១៨ មានរហូតដល់ ៧៦,៧៦២តោន។
ការធ្លាក់ចុះនេះដោយសារតែអឺរ៉ុប បានគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩មក ដែលមានរយៈពេល៣ឆ្នាំ ដែលឆ្នាំទី១ តម្លៃពន្ធ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន។
នៅឆ្នាំ២០១៩នេះ ការនាំចេញកម្ពុជារំពឹងទីផ្សារចិន ដែលរដ្ឋាភិបាលចិន បានដំឡើងកូតានាំចូលអង្ករកម្ពុជា៤០ម៉ឺនតោន។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដូចជានៅប្រទេសតំបន់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ដែលបានផ្តល់ការអនុគ្រោះពន្ធ លើទំនិញ៤៥ជំពូក ស្មើនឹងមុខទំនិញប្រហែលជិត៦,០០០មុខឲ្យកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជានាំចេញអង្ករជិត៦៣ម៉ឺនតោន៕