(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ប្រតិភូធុរជនចិនខេត្តសានស៊ី ដែលចង់បង្កើតរោងចក្រផលិតសម្ភារសិក្សា និងកីឡានៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសវិស័យអប់រំជាតិ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធុរជនចិនខេត្តសានស៊ី ដឹកនាំដោយលោក វ៉ាង លីពីង (Wang Liping) ប្រធានក្រុមហ៊ុន GuangBo Group Co., Ltd និងជាលេខាធិការគណៈកម្មការបក្សនៃសភាប្រជាជនទី១២ កាលពីព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសក្តានុពលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយគាំពារវិនិយោគ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។

«កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩កំពុងធ្វើប្រតិបត្តិការ សម្រាប់ផ្តល់ឱ្យវិនិយោគិនបើករោងចក្រ ដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញ ៩ឆ្នាំ អាចគ្រប់គ្រងភាគហ៊ុន ១០០% ហើយអាចនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងតំបន់ (អាស៊ាន) សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នៅក្រោមកម្មវិធីអនុគ្រោះពន្ធថែមទៀត»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនធុរជនចិន អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

ជាការឆ្លើយតប លោក វ៉ាង លីពីង និងសហការី បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងវិនិយោគខាងលើ និងបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោក វ៉ាង លីពីង ក៏បានសន្យាពិនិត្យលទ្ធភាពពង្រីកការវិនិយោគមកកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់១ និងផ្លូវ១ សំដៅរួមចំណែកបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕