(កំពង់ស្ពឺ)៖ ក្រុមការងារនៃអង្គរក្សផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាននាំម៉ូតូមួយគ្រឿង ព្រមជាមួយថវិកាមួយចំនួនយកមកប្រគល់ជូនគ្រួសាររងគ្រោះថ្នាក់ចរាចរ(ស្លាប់)ឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រុមការងារបានប្រគល់ម៉ូតូឌ្រីមសេ១២៥ ពណ៌ក្រហម(ថ្មី) និងបានលើកឡើងថា នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយថវិកាចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មួយប្រុស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់ជីវិតថែមទាំងខ្វះខាតមធ្យោបាយធ្វើដំណើរថែមទៀត។
ឧត្តមសេនីយ៍ឯក ស្រួល សុខជា បានថ្លែងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានសម្តែងក្តីអាណិតអាសូរចំពោះក្រុមគ្រួសារ និងចូលរួមសោកស្តាយចំពោះ ការបាត់បង់សមាជិកក្រុមគ្រួសារខាងលើ។
សូមរំលឹកថា៖ កាលពីថៃ្ងទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៤ KM ៤១-៤២ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ សេរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1L.6918 ឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បើគិតមកដល់ពេលនេះមានរយៈពេលជាង៤ខែកន្លងមកហើយ ទើបមានដីកាសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចប្រគល់ម៉ូតូឲ្យខាងរងគ្រោះចេញដោយរបស់ចៅក្រម ពេជ្រ ចិន្តា ប៉ុន្តែម៉ូតូខាងលើនៅតែមិនព្រមប្រគល់ជូនជនរងគ្រោះ ដោយសំអាងហេតុផលច្បាប់ ទើបធ្វើឲ្យព័ត៌ផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្មុងស្រុកជ្រាប ដល់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទើបនៅថ្ងៃនេះដោយក្តីអាណិតសម្តេចទាំងពីរ បានប្រគល់ម៉ូតូថ្មីមួយគ្រឿងជូនសម្រាប់ប្រើប្រាស់ ក្នុងនោះក៏បានចែកជូនថវិកាសម្រាប់ចាស់ៗ និងក្មេងៗក្មុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ៕