(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសារមួយស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ ការពារសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសឲ្យមានភាពងាយស្រួល និងកក់ក្តៅ ទាំងនៅតាមច្រកចូលតាមព្រំដែន និងនៅតាមច្រកព្រលានយន្តហោះ។
ការស្នើ និងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងត្រៀមនឹងអបអរសាទរដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នៅអំឡុង៤ថ្ងៃ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យនេះ ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន រួមទាំងទេសចរ នៅតំបន់កម្សាន្តនានា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «សង្ឃឹមថា បងប្អូនជនរួមជាតិបានត្រៀមខ្លួន និងរៀបចំលំនៅដ្ឋាន វត្តអារាម ទីរមណីយដ្ឋាននានារួចស្រេចជាបណ្តើរៗហើយ ដើម្បីទទួលទេវតាឆ្នាំថ្មី។ ក្នុងប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ ក៏កាន់តែមានចំនួនច្រើនឡើង ប្រកបដោយទឹកមុខរីករាយ សង្ឃឹមថានឹងបានជួបជុំក្រុមគ្រួសារ ឪពុកម្តាយ មាមីង ជីដូនជីតា និងបងប្អូនញាតិការ ដើម្បីមានឱកាសបានធ្វើបុណ្យទានសាងកុសលរួមគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ»។
ទោះជាយ៉ាងនេះក្តី សម្តេចតជោ ហ៊ុន សែន ក៏មិនភ្លេចអំពាវនាវដល់អ្នកបើកបរទាំងអស់ ឱ្យបើកបរគោរពច្បាប់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា៕