(ភ្នំពេញ)៖ លោក Philippe Courard ប្រធានសភាតំបន់វាឡូនៀ-ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៉ីក បានអះអាងនៅចំពោះមុខឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា ប៊ែលហ្ស៉ីកនឹងខិតខំគ្រប់បែបយ៉ាង ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។
ការអះអាងរបស់ប្រធានសភារូបនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកជាមួយនឹងប្រមុខការទូតកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួប លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានសភាបានបញ្ជាក់ថា នៅក្នុងក្របខណ្ឌមិត្តភាពកម្ពុជា-ប៊ែលហ្ស៉ីក, ប៊ែលហ្ស៉ីកនឹងខិតខំគ្រប់បែបយើងជួយកម្ពុជា ដោយហេតុផលប្រវត្តិសាស្ត្រដែលកម្ពុជាឆ្លងកាត់នូវរបបខ្មែរក្រហម ហើយកម្ពុជាបានខិតខំអភិវឌ្ឍន៍ប្រទេសរហូតមកដល់សព្វថ្ងៃនេះ»។
អ្នកនាំពាក្យរូបនេះ បានបន្តថា លោក ប្រាក់ សុខុន បានប្រាប់ទៅប្រធានសភាតំបន់វាឡូនៀ-ប្រ៊ុចសែល លើទិដ្ឋភាពចំនួន២ គឺកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងក្របខណ្ឌទ្វេភាគី គឺកម្ពុជា និងប៊ែលហ្ស៉ីក កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅក្នុងការបង្កើតយន្តការមួយ គឺយន្តការពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរ។
«អ៊ីចឹងយើងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ដើម្បីយើងឈានទៅចុះហត្ថលេខាលើ MoU បង្កើតយន្តការពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសទាំងពីរ កម្ពុជា-ប៊ែលហ្ស៉ីក ដែលក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរយោបល់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខណ្ឌពហុភាគី»។ នេះជាការបញ្ជាក់បន្ថែមពីលោក កេត សោផាន់។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើក្នុងក្របខណ្ឌហ្រង់កូហ្វូនី គឺជំរុញការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការវាងប៊ែលហ្ស៉ីក ជាមួយវិទ្យាស្ថានការទូតរបស់កម្ពុជា ស្ថិតនៅក្រោមក្រសួងការបរទេស។ លោក ប្រាក់ សុខុន ក៏បានស្នើប៊ែលហ្ស៉ីក ឲ្យបន្តជួយការដោះមីននៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតបវិញ ប្រធានរដ្ឋភាតំបន់វាឡូនៀ បានរីករាយ និងសន្យា នៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី គឺកម្ពុជាកុំស្ទាក់ស្ទើរ ដើម្បីពិភាក្សាជាមួយប៊ែលហ្ស៉ីក ក្នុងក្របខណ្ឌនេះ និងជាមិត្តភាព ព្រមទាំងវិស័យទំនាក់ទំនងវិទ្យាស្ថានការទូត ក៏ដូចជាវិស័យដោះមីនផងដែរ។
សូមបញ្ជាក់ថា ប៊ែលហ្ស៉ីក គឺជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ដែលបានជួយយ៉ាងច្រើនមកប្រទេសកម្ពុជា លើវិស័យមួយចំនួនរួមមាន៖ វិស័យសង្គម, វិស័យអប់រំ, វិស័យសុខាភិបាល, ការដោះមីន និងតុលាការខ្មែរក្រហមជាដើម៕