(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាជាថ្មីម្ដងទៀត ដល់មន្ដ្រីនគរបាលជំនាញព្រហ្មទណ្ឌ ត្រូវតែខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដែលជាគោលដៅអាទិភាពឲ្យខាងតែបាន។

ការដាក់បទបញ្ជាជាថ្មីនេះ របស់អគ្គស្នងការរងនគរបាលជាតិទាំង២រូប ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានបញ្ជាក់ថា ផែនការសកម្មភាពនេះ គឺសម្ដៅពង្រឹងស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លើសពីនេះ ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ កុំឲ្យខ្វល់ខ្វាយ ព្រួយបារម្ភ អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិនិយោគិន ដែលបានទទួលការអនុញ្ញាតធ្វើធុរកិច្ច និងអ្នកទេសចរ ធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានជំរុញឲ្យកម្លាំងនគរបាលដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តផែនការយុទ្ធសាស្ត្រ០៥ឆ្នាំ លើកទី២ (២០១៥ -២០១៩) របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្នុងគោលដៅកាត់បន្ថយបទល្មើស គ្រប់ប្រភេទ ពិសេស អំពើ លួច-ឆក់ ដែលជះឥទ្ធិពល ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិត្តិយសប្រទេសជាតិ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានក្រើនរំលឹកទៀតថា នៅពេលបង្ក្រាបបានមុខសញ្ញា ដែលធ្វើសកម្មភាពឆក់ លួចទាំងអស់នោះហើយ ត្រូវសួរនាំ និងស្រាវជ្រាវឲ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីស្វែងរកតាមចាប់បក្ខពួក ដែលនៅសេសសល់កុំឲ្យរួចខ្លួនឲ្យសោះ ដើម្បីឈានដល់ការលុបបំបាត់ចោលទាំងស្រុង នូវបទល្មើសឆក់ទាំង ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលប្រឈម។

នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ បានណែនាំដល់មន្ដ្រីនគរបាលមូលដ្ឋាន ត្រូវកត់សម្គាល់ឲ្យបានច្បាស់ ចំពោះមុខសញ្ញា ដែលសង្ស័យប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យឈានដល់ការប្រព្រឹត្តបទល្មើស ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានមុនក្រុមទាំងអស់ ធ្វើសកម្មភាព។

ទន្ទឹមនឹងវិធានការបង្ក្រាបបង្ការ និងទប់ស្កាត់បទល្មើសនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ឲ្យមន្ដ្រីនគរបាល ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែមានវិន័យ សីលធម៌ និងវិជ្ជាជីវៈ ពិសេសពេលចុះប្រតិបត្តិការ ត្រូវមានសម្ភារគ្រប់គ្រាន់ ព្រោះពេលខ្លះជនល្មើសអាចនឹងវាយបកមកសមត្ថកិច្ចគ្រប់ពេល។

សូមជម្រាប នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានចេញសេចក្ដីផ្សព្វផ្សាយអំពី ផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ សម្ដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាការពង្រឹងនូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ឲ្យពង្រឹងឡើងវិញ វិធានការគ្រប់គ្រងរដ្ឋបាល មធ្យោបាយ អាវុធជាតិផ្ទុះ និងមុខរបរពិសេស ក្នុងនោះត្រូវយកចិត្តទុកដាក់ការងារគ្រប់គ្រងការស្នាក់នៅបណ្តោះអាសន្ន អ្នកប្រកបរបររកទទួលទានដែលងាយមានការទាក់ទង ឬពាក់ព័ន្ធនឹងអំពើចោរកម្ម ដើម្បីមានវិធានការហ្មត់ចត់។

លើសពីនេះ ត្រួតពិនិត្យសមាសភាពជនសង្ស័យជាប្រភេទក្រុមក្មេងទំនើង ប្រើប្រាស់យានយន្តមិនប្រក្រតី (ម៉ូតូគ្មានស្លាកលេខ ឬស្លាកលេខក្លែងក្លាយ បិតស្លាកលេខ ឬដោះស្លាកលេខទុក) យានយន្តខុសលក្ខណៈបច្ចេកទេស។ល។ ត្រូវកសាងប្រើប្រាស់ភ្នាក់ងារផ្តល់ព័ត៌មាន និងមហាជនល្អ ដើម្បីទទួលបានព័ត៌មានបម្រើឲ្យការងារបង្ក្រាបមុខសញ្ញាបានទាន់ពេលវេលា និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បំផុសចលនាមហាជន ប្រជាការពារ និងការដាក់ប្រព័ន្ធកាមេរ៉ា
សុវត្ថិភាព។

ត្រូវពិនិត្យសើរើសំណុំរឿង ដែលបានស៊ើបអង្កេតបញ្ចប់ បញ្ជូនទៅសាលាដំបូង ដើម្បីសហការពនឿនចេញដីកាស្វែងរកចាប់មុខសញ្ញាសេសសល់ ក្នុងករណីបង្ក្រាបមិនទាន់អស់។ ជំរុញការអនុវត្តនូវវិធានការគ្រប់គ្រងមុខសញ្ញាព្រហ្មទណូគ្រប់ប្រភេទឲ្យបានច្បាស់លាស់ ដើម្បីបម្រើឲ្យការងារស៊ើបអង្កេត បង្ក្រាបមានគុណភាព និងត្រូវរៀបចំចងក្រងបញ្ជីមុខសញ្ញាលួច-ឆក់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបង្ហោះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ចូលរួមសហំការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានតាមស្វែងរកចាប់ខ្លួន បានទាន់ពេលវេលា៕