(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ បានរម្លឹករឿងដ៏គួរឱ្យឈឺចាប់មួយ ដោយសារតែសម្តេចបានបាត់បង់នូវកែវភ្នែកខាងឆ្វេង អំឡុងពេលតស៊ូក្នុងសម័យសង្រ្គាម នាថ្ងៃទី១៦ ខែមេសា កាលពី៤៤ឆ្នាំមុន។
នៅលើបណ្តាញងសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ថ្ងៃ១៦មេសា នេះ ជាខួបលើកទី៤៤ឆ្នាំ នៃការធ្លាក់ខ្លួនពិការរបស់ខ្ញុំ (១៦ មេសា ១៩៧៥-១៦ មេសា២០១៩)។ តាំងពីពេលនោះមក ខ្ញុំមិនដែលនិយាយនឹងមិនមានសិទ្ធិនិយាយពាក្យ (រក្សាការពារដូចការពារប្រស្រីភ្នែក) ទៀតទេ ព្រោះខ្ញុំខ្លួនឯងបានបាត់បង់ប្រស្រីភ្នែកឆ្វេងរួចទៅហើយ»។
សម្តេចបានបន្តទៀតថា៖ «ពិតជាឈឺខ្លាំងណាស់ នៅពេលដែលខ្ញុំត្រូវរបួស នឹងគ្រូពេទ្យបានវះយកកែវភ្នែកខ្ញុំចេញ។ នេះហើយជារសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះដាច់ដៃដាច់ជើង និង ខ្លះពិការភ្នែក។ល។»។
ឆ្លៀតក្នុងឱកាសឆ្នាំថ្មី សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានរម្លឹកឱ្យជនរួមជាតិ ជួយការពារសន្តិភាពរបស់ប្រទេសកម្ពុជា ដែលយុវជនជំនាន់មុនខិតខំរកបានដោយលំបាក ហើយត្រូវការពារកុំឱ្យសង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត។ សម្តេចបានពោលថា «លាហើយសង្គ្រាម ស្វាគមន៍ការអភិវឌ្ឍ)៕