(ព្រះសីហនុ)៖ ក្រុមអនាធិបតេយ្យជាង ១០០នាក់ ក្នុងចំណោមជាង ៣០០គ្រួសារនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាយកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាង (អូរត្រាវ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ហេតុការណ៍យកគល់ឈើ ឬមែកឈើមកដាក់របាំងបិទផ្លូវនេះ ដោយសារក្រុមអនាធិបតេយ្យទាំងនោះបានទៅសង់ខ្ទមលើដីលោក ជុំ សាវុធ ដែលតុលាការបានសម្រេចឲ្យឈ្នះនាពេលកន្លងទៅ។
ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩ព្រឹកមិញ កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមទាំងនោះដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែកគ្នាទៅវិញដែរ។
ក្រុមប្រជាពលរដ្ឋ ដែលអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុចាត់ទុកថា ជាជនអនាធិបតេយ្យមកពីខេត្តផ្សេងៗ ចូលមកចាប់ដីសង់ផ្ទះនៅលើដីឯកជនមានម្ចាស់ទាំងនោះ ក៏បាននាំគ្នាបិទផ្លូវជាតិ លេខ៤មួយរយៈពេលខ្លី ក្រោយមកក៏បានបើកឲ្យយានយន្តឆ្លងកាត់ជាធម្មតាឡើងវិញ បន្ទាប់ពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅណែនាំ និងលើកឡើងពីវិធានការផ្លូវច្បាប់ ជូនពួកគាត់ ឲ្យបានយល់ដឹងរួចមក។
អាជ្ញាធរបានពន្យល់ដល់ពួកគេទាំងនោះថា ការបិទផ្លូវជាតិលេខ៤ មិនឲ្យដំណើរការឆ្លងកាត់ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសជាប់គុកច្រវ៉ាក់ថែមទៀតផង។
ទាក់ទិនបញ្ហានេះលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ព្រឹកមិញនេះពិតជាមានកម្លាំងចម្រុះ រួមមាន កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ជាដើម បានចុះទៅការពារ សកម្មភាពរុះរើសំណង់អនាធិបតេយ្យ ដែលមកពីបណ្តាខេត្តផ្សេងៗ ចូលមកសង់ខ្ទម ឬផ្ទះតូចៗ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅឃុំបិតត្រាំងពិតមែន។
លោកបន្តថា សំណង់អនាធិបតេយ្យទាំងនោះ ត្រូវបានក្រុមអនាធិបតេយ្យមួយចំនួនចូលមកពីខេត្តផ្សេងៗ មកសង់ខ្ទមខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិ នាឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីខែមីនា ឆ្នាំ២០១៩។ ហើយថា កន្លងមកអាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះអប់រំណែនាំឲ្យរុះរើសំណង់ខុសច្បាប់ទាំងនោះ ចេញពីលើដីមានម្ចាស់កម្មសិទ្ធិ ព្រោះជាទង្វើខុសច្បាប់ ជាបន្តបន្ទាប់ ប៉ុន្តែពួកគេទាំងអស់គ្នានោះមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះទេ។
ត្រង់ចំណុចនេះលោក យន្ត មីន ក្នុងនាមអភិបាលខេត្តព្រះសីហនុ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ដែលចូលទៅសង់ផ្ទះលើដីមានម្ចាស់ស្របច្បាប់ទាំងនោះ ឲ្យចាកចេញពីទីតាំងខាងលើ ឲ្យបានឆាប់ ព្រោះ អាចប្រឈមមុខច្បាប់ បើមានប្រើអំពើហិង្សាណាមួយមកលើអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលចុះទៅរុះរើសំណង់ខុសច្បាប់ទាំងនោះ។
បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានរំលឹក ដល់ប្រជាពលរដ្ឋ ដែលចូលទៅសង់ខ្ទមខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិទាំងនោះ ត្រូបញ្ឈប់សកម្មភាពចូលទៅរស់នៅលើដី របស់គេ តទៅទៀត។ ជាងនេះ ក៏ត្រូវឈប់ជឿតាមមេខ្យល់ ដែលបានបំផុសបំផុល ឬក៏មកអះអាងបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាប នៅលើទីតាំងបរិវេណដីមានកម្មសិទ្ធិឯកជនខាងលើនេះទៀត។
លោក យន្ត មីន សង្កត់ធ្ងន់ថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តចុះអនុវត្តច្បាប់ ទៅលើជនទាំងឡាយណា ដែលមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរ ហើយបន្តចូលទៅសង់ផ្ទះខុសច្បាប់ នៅលើទីតាំងដីមានម្ចាស់ និងមានបណ្ណកម្មសិទ្ធិស្របច្បាប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ឲ្យបានធ្ងន់ធ្ងរនាថ្ងៃខាងមុខ។
លោកមេឃុំបិតតាំង មៀច ចាន់ បានដឹងថា នៅព្រឹកថ្ងៃនេះ តុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗប្រមាណជាង ៣០០គ្រួសារ បាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោក ជុំ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមលោកមេឃុំ ក្រុមប្រជាពលរដ្ឋ ដែលចាត់ទុកថាជាក្រុមអនាធិបតេយ្យជាង ៣០០គ្រួសារនេះ ខ្លះមកពីសង្កាត់លេខ១ ក្រុងព្រះសីហនុ ខ្លះមកពី តំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្ម និងតំបន់មួយចំនួន នៃស្រុកកំពង់សិលា នៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះ មកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជា៖ ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺជាដើម។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា បន្ទាប់ពីមានករណីនេះ អាជ្ញាធរ និងនគរបាល បានចុះសម្របមស្រួល ហើយពន្យល់ដល់ពួកគេដែលបានចាញ់បោកមេខ្យល់ឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់ ដោយទៅកាន់កាប់លើដីមានម្ចាស់រួចហើយ។ ក្រោយពីសម្របសម្រួលនេះ ពួកគាត់ទាំងនោះក៏បានដកថយ ហើយសមត្ថកិច្ចក៏បានយកឈើដែលដាក់ឃាំងបិទផ្លូវនោះចេញ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់ធម្មតាឡើងវិញ។
បើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោស្នងការ ករណីនេះមិនមានការប៉ះទង្គិចគ្នានោះឡើយ ដោយសារតែពួកគាត់ទាំងនោះបានទទួលយកនូវអ្វីដែលជាការពន្យល់ផ្នែកច្បាប់របស់អាជ្ញាធរ និងសមត្ថកិច្ច ប៉ុន្តែករណីបានធ្វើឱ្យកកស្ទះដល់ដំណើររបស់ប្រជាពលរដ្ឋ ដែលចេញពីការកម្សាន្តនៅខេត្តមាត់សមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មួយសន្ទុះធំផងដែរ៕