(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅទីនានាក្នុងប្រទេសជាង៨លាននាក់ ដែលកើនឡើង៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តួលេខភ្ញៀវជាតិ និងអន្តរជាតិ៨លាននាក់នេះ គឺក្នុងនោះមានការធ្វើទេសចរនៅតាមគោលដៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗចំនួនជាង៥លាននាក់ និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់គោលដៅបន្ទាប់បន្សំនានា ដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានាប្រមាណ៣លាននាក់ទៀត។
សម្រាប់ការដើរលេងកំសាន្តតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ និងតាមរមណីយដ្ឋានទេសចរណ៍សំខាន់ៗ គឺរបាយការណ៍ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩នេះ មានចំនួនសរុប៥,៧៣៨,៤៤១នាក់ កើនឡើង៧០.០៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥,៦៨១,៣៥៥នាក់ កើនឡើង៧១.៤២% និងភ្ញៀវអន្តរជាតិមានចំនួន ១០៨,១០៦នាក់ កើនឡើង១០៣.២៩%។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ច្បាស់ថា ប្រជាពលរដ្ឋយើងពេញចិត្តនឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន ពេញចិត្តនឹងគាំទ្រដាច់ខាត ចំពោះការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រជាពលរដ្ឋពិតជាត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៍។ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តគ្រប់ទីកន្លែង តាមវត្តអារាម តាមសាលារៀន តាមភូមិ តាមផ្ទះសំបែងល។ល។
គ្រប់គ្រួសារ សុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណី វប្បធម៌របស់ខ្លួនមានការយល់ដឹងកាន់តែ ច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិ និងអន្តរជាតិ រដ្ឋបាល រាជធានីខេត្ត មន្ទីរជំនាញ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ពិសេស សសយក តាម មូលដ្ឋាន មានកិច្ចសហការគ្នាល្អ ប្រកបដោយស្មារតីឆ្នៃប្រឌិតនិងមានការទទួលខុសត្រូវ ក្នងការរៀបចំ ចាត់តាំងព្រឹត្តការណ៍កំសាន្តឆ្នាំនេះ។ដោយឡែក នៅតាមរមនិយដ្ឋានទេសចរណ៏ នានាក៏បាន បង្កើន ការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រង រីឯ មូលដ្ឋានអាជីវកម្មនិងសេវាកម្ម ទេសចរណ៍ ក៏បានយកចិត្ត ផ្តល់សេវាបានសមរម្យ មានគុណភាពអនាម័យល្អ។
លោកបានបន្តថា នៅតាមផ្ទះសម្បែង និងតាមក្រមគ្រួសារ ខ្លះ ប្រជាពលរដ្ឋបានទិញធុងបាស់តូចៗទំនើបដែលប្រើប្រព័ន្ធ Bluetooth យកទៅប្រើប្រាស់បានយ៉ាងងាយស្រួល។ នៅតាមវត្តអារាមតាមភូមិដ្ឋានកម្លាំង ប្រជាកាពារបានបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវល្អណាស់។ និយាយ រួមបងប្អូនប្រជាពលរដ្ឋយើង សប្បាយណាស់ឆ្នាំនេះ សប្បាយនឹងសុខសន្តិភាព សប្បាយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ អ្វីៗវាបញ្ជាក់ច្បាស់នៅពេលនេះ ទោះបីកន្លងមកគេធ្លាប់និយាយថា នៅស្រុកខ្មែរហាក់ដូចមានបុណ្យចូលឆ្នាំច្រើន តែពេលនេះ បានឃើញនិងបញ្ជាក់ច្បាស់ហើយ ថាខ្មែរ គឺជាខ្មៃរ ខ្មែរគឺពិតជាប្រជាជាតិមួយដែលធ្លាប់មានអម្បូរពូជពង្ស និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុងរឿង។
ក្រោមម្លប់នៃសន្តិភាព និងការរីកចម្រើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍ ដែលបានធ្វើឱ្យពួកគាត់មានការរីករាយ ព្រមទាំងបានធ្វើឱ្យការរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ៕