(ភ្នំពេញ)៖ នៅថ្ងៃសម្ពោធបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយ៍បានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។ នេះបើតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមការប្រកាសរបស់ក្រសួងសាធារណការ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ខាងមុខនេះ កម្ពុជា-ថៃ បានឯកភាពគ្នារៀបចំកម្មវិធីសម្រាប់ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយក្នុងនោះមានតទៅ៖
១៖ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)
២៖ ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
៣៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
៤៖ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត។