(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានប្រកាសថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពជាប់ពិរុទ្ធភាពរបស់លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា និងលោក ច័ន្ទ ភាព ដែលជាអតីតប្រធាន និងអនុប្រធាន នៃគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលបានប្រព្រឹត្តនៅក្នុងខេត្តព្រះវិហារនោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា «ទង្វើបុគ្គលទាំងពីរនេះ ជាការប្រព្រឹត្តរបស់បុគ្គលសុទ្ធសាធ ពុំមានជាប់ពាក់ព័ន្ធការបំពេញភារកិច្ចក្នុងនាមជាសមាជិកឧត្តមក្រមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សោះឡើយ ព្រោះអ្នកទាំងពីរបានបាត់បង់នូវសិទ្ធិចុះបំពេញបេសកកម្ម ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាំងពីខែធ្នូ ឆ្នាំ២០១៨ ផ្អែកលើលិខិតរបស់ប្រធានថ្មីនៃគណបក្សសាមី ក្នុងកម្មវត្ថុស្នើសុំបញ្ចប់មុខតំណែង និងផ្អាកសកម្មភាពនៃសមាសភាពចាស់ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានឱ្យដឹងផងដែរថា ដោយគោរពឆន្ទៈស្វ័យសម្រេច និងអធិបតេយ្យភាពរបស់គណបក្សសាមី លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឈប់ចេញលិខិតបេសកកម្មឲ្យសមាសភាពចាស់នៃគណបក្សនេះចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ហើយបុគ្គលទាំងពីរក៏បានបោះបង់ការចូលរួមប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយខ្លួនឯងផងដែរ។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់ពីភាពមិនពាក់ព័ន្ធគ្នារវាងស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាមួយអតីតប្រធាន និងអនុប្រធាន នៃគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានកើតមានឡើងបន្ទាប់ពីលោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា និងលោក ច័ន្ទ ភាព ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសង្ស័យថា ជាអ្នកនៅពីក្រោយនៃការតវ៉ាប៉ុនប៉ងរំដោះអ្នកជាប់ឃុំពាក់ព័ន្ធសំណុំរឿងដីធ្លី។
មុនពេលចាប់ខ្លួនលោកស្រី គឺសមត្ថកិច្ចបានពង្រាយរថយន្តបាញ់ទឹកជាច្រើនគ្រឿង និងដាក់កំណាត់ឈើនៅលើដងផ្លូវដើម្បីរារាំងពលរដ្ឋរាប់សិបនាក់ ដែលបើកគោយន្តសំដៅទៅកាន់ពន្ធនាគារខេត្តព្រះវិហារ។ ចេតនានៃការតវ៉ារបស់ពួកគេ គឺចង់ទៅទាមទារឱ្យមានការដោះលែងពលរដ្ឋ១៤នាក់ ដែលត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព៕