(ព្រះសីហនុ)៖ យ៉ាងហោចណាស់មន្រ្តីនគរបាលចំនួន៤នាក់ និងប្រជាការពារ២នាក់ បានរងរបួសខ្លះបែកក្បាល និងរថយន្តចំនួន៣គ្រឿង បានរងការខូចខាត ដោយសារប្រជាពលរដ្ឋដែល អាជ្ញាធរចាត់ទុកថា ជាក្រុមអនាធិបតេយ្យបានគប់ និងប្រើអំពើហិង្សា ពេលនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។ នេះជាការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាល និងប្រជាការពារសរុបចំនួន៦នាក់ បានរងរបួសបែកក្បាល ហើយរថយន្តរបស់អធិការនគរបាលស្រុកមួយគ្រឿង និងរថយន្តមន្រ្តីនគរបាលមួយគ្រឿង ព្រមទាំងរថយន្តរបស់មន្រ្តីអាវុធហត្ថ១គ្រឿង បែកកញ្ចក់ ដោយសារតែប្រជាពលរដ្ឋទាំងនោះ បានគប់នឹងដុំថ្ម ខណៈកម្លាំងរបស់យើង បានចូលទៅអន្តរាគមន៍ និងសម្របសម្រួលឲ្យបើកផ្លូវឡើងវិញ ក្រោយពីពួកគេបាននាំគ្នាបិទដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់លើផ្លូវ នាំឲ្យកកស្ទះចរាចរណ៍ ប្រមាណ១ម៉ោង។
មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន Fresh News ថា អ្វីក៏ដោយរាប់ទាំងបញ្ហាដីធ្លី អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធតែងតែមានយន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវងាកមករកការតវ៉ាតាមផ្លូវច្បាប់ទើបជាការប្រសើរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។
នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់ នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងមួយអំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
ជាមួយគ្នានេះ ចំពោះហេតុការណ៍នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ រួមមាន៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលឲ្យរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ៕