(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងនឹងរៀបចំប្រព័ន្ធមន្ទីរពេទ្យឌីជីផល ឈ្មោះថា «ពេទ្យយើង» នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ជាជំហានដំបូង នឹងចាប់ផ្ដើមនៅមន្ទីរពេទ្យព្រះអង្គឌួង។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «បន្ទាប់ពីយើងដាក់ឱ្យដំណើរការ នៅមន្ទីរពេទ្យព្រះអង្គឌួងរួចហើយ យើងនឹងពង្រីកនៅតាមមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលកាន់តែមានប្រសិទ្ធិភាព ដល់អ្នកជំងឺ និងកាត់បន្ថយថ្លៃចំណាយលើសេវាព្យាបាល របស់ប្រជាពលរដ្ឋយើងមួយកម្រិតផងដែរ»។
លើសពីនោះរដ្ឋមន្ដ្រីបន្ដថា «នៅថ្ងៃខាងមុខនេះ យើងនឹងបង្កើតប្រព័ន្ធមួយ ដែលរាល់អ្នកជំងឺ នឹងមានកាតផ្ទាល់ខ្លួនមួយ ដើម្បីដឹងពីអត្ដសញ្ញាណ និងប្រវត្ដិនៃជំងឺ ដោយគ្រាន់តែដាក់ចូលប្រព័ន្ធរបស់យើង នឹងបង្ហាញពីស្ថានភាពអ្នកជំងឺ ថាគាត់កន្លងមកធ្លាប់ឈឺអី ធ្លាប់ប្រើប្រាស់ឱសថអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការតាមដានសុខភាព របស់អ្នកជំងឺ។ ប្រព័ន្ធនេះ ប្រទេសមួយចំនួន ក៏បានធ្វើរួចមកហើយ តែយើងនឹងបន្ដខិតខំបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលគ្រូពេទ្យរបស់យើង ឱ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើបនេះ» ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងថា «បន្ទាប់ពីបុគ្គលិកយើងទទួលបានការបណ្ដុះបណ្ដាលរួចហើយ យើងនឹងអនុវត្ដន៍មានឱ្យបានល្អ ខណៈដែលកន្លងមកនេះ យើងក៏ប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកស្រាប់ផងដែរ ក្នុងការចេញនូវវេជ្ជបញ្ជា ជូនអ្នកជំងឺនោះ ដូច្នេះការងារនេះ ក៏មានភាពងាយស្រួលក្នុងការអនុវត្ដន៍ផងដែរ»។
ព្រមជាមួយគ្នានេះ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន First Womentech Asia ដែលជាអ្នកផលិត និងដាក់ឲ្យដំណើរការកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ឈ្មោះថា «ពេទ្យយើង» បានឱ្យដឹងថា កម្មវិធីនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០១៣ និងដំណើរការនៅមន្ទីរពេទ្យឯកជនមួយចំនួនធំផងដែរ ។ ពេលនេះ លោកស្រី បានយកម្មវិធីនេះ ដាក់នៅតាមមន្ទីរពេទ្យរដ្ឋ រួមមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងប្រទេស ។
លោកស្រីបន្ដថា កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលនេះ នឹងជួយឱ្យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងទិន្នន័យ សុខភាពរបស់អ្នកជំងឺខ្លួនឯង បានយ៉ាងងាយស្រួលដូចនឹងបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីគ្រប់គ្រងទៅលើការប្រើប្រាស់សេវាព្យាបាលអ្នកជំងឺកាន់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ៕