(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់១៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធុងធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងកត្តាយាន។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣០៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥២នាក់ របួសធ្ងន់៣៤៣នាក់ និងរបួសស្រាល១៥៤នាក់៕