(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រតិកម្មទៅនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក អំពីទំនាក់ទំនងកម្ពុជា-ចិន។ លោកចាត់ទុកថា អ្វីដែលស្ថានទូតអាមេរិកបញ្ចេញនោះ គឺជាដំណឹងក្លែងក្លាយ វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញដំណឹងក្លែងបន្លំ (Fake News) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀតដែលខ្លួនមានទំនាក់ទំនងស្ថានទូតជាមួយផង»។
លោកបានបន្តថា «អ្នកវិភាគ នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេដែលបានបង្កើតការងារនៅស្រុកខ្មែរ តែគេ«ភ្លេច» បង្ហាញរឿងមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគចូលមកក្នុងប្រទេសកម្ពុជាវិញតើមានប៉ុន្មាន ? យើងមានតែចង់កសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះប្រឹងដុតកម្លោចទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ»។
សូមជំរាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។
ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើ Facebook របស់ខ្លួន ដោយធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។
ស្ថានទូតអាមេរិក បានបន្តទៀតថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។
ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបធ្ងន់ៗទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។
លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕