(ស្រីលង្កា)៖ មកទល់ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែករណីវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់យ៉ាងកក្រើក នៅឯប្រទេសស្រីលង្កាបានកើនដល់ ២៩០នាក់ហើយ រីឯមនុស្សឡើងដល់ជាង ៥០០នាក់បានរងរបួស។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរស្រីលង្កាកាលពីវេលាម៉ោង ០៨៖៤៥នាទីព្រឹក ថ្ងៃអាទិត្យចំថ្ងៃបុណ្យគ្រិស្តសាសនា Easter Sunday ហេតុការណ៍ផ្ទុះគ្រាប់បែក បានកើតមានឡើងនៅវិហារ Anthony's Shrine ព្រមទាំង សណ្ឋាគារចំនួនបីរួមមាន ស៊ីនណាម៉ុនហ្គ្រេនដ៍ (Cinnamon Grand), សាំងគ្រីឡា (Shangri-La Hotel), និង ឃីងប៊ឺរី (The Kingsbury) នៅឯរដ្ឋធានី កូឡុំបូ (Colombo)។
ក្នុងពេលទន្ទឹមគ្នានេះ គ្រាប់បែកក៏បានផ្ទុះនៅវិហារ សេបាស្ទាន (St. Sebastian's Church) ក្នុងក្រុង ណេហ្គមបូ (Negombo) ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រភាគខាងជើងពីរដ្ឋធានី Colombo និងនៅវិហារហ្ស៊ីយ៉ូន (Zion Church) ក្នុងក្រុងបាត់ធីខាឡាវ (Batticaloa) ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពី Colombo នៅឯឆ្នេរភាគខាងកើតប្រទេស ស្រីលង្កាផងដែរ។
គួរជម្រាបថា ក្រៅពីករណីផ្ទុះទាំង ០៦លើកនេះការផ្ទុះគ្រាប់បែក ០២លើកទៀតក៏បានកើតមានឡើងថែមទៀត នៅអំឡុងរសៀលថ្ងៃដដែល ដោយក្នុងនោះគឺនៅសណ្ឋាគារមួយកន្លែងទៀតក្នុងទីក្រុង ឌេហ៊ីវ៉ាឡាឡាវីនផ (Dehiwala-Mount Lavinia) ភាគខាងត្បូងទីក្រុង Colombo ព្រមទាំង នៅលំនៅឋានឯកជនមួយកន្លែងក្នុងតំបន់ ដាម៉ាតាហ្គោដា (Damatagoda) នៃរដ្ឋធានី Colombo ចំពេលប៉ូលិសបើកប្រតិបត្តិការចុះឆែកឆេរ ទាក់ទងនឹងការផ្ទុះកាលពីពេលព្រឹក ដែលជាលទ្ធផលបានបណ្តាលឲ្យមន្រ្តីប៉ូលិស ០៣នាក់បាត់បង់ជីវិត។
គួរជម្រាបថា ក្នុងចំណោមមនុស្សស្លាប់ខាងលើ ក៏រួមមានជនបរទេសជាច្រើននាក់ផងដែរ។ ដោយឡែកមកទល់ពេលនេះ នៅតែមិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែមនុស្សចំនួន ១៣នាក់ហើយ ត្រូវគេរាយការណ៍ថា ត្រូវបានចាប់ឃាត់ខ្លួនក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាព បំផ្ទុះគ្រាប់បែកទាំងនេះ៕