(ភ្នំពេញ)៖ បន្ទាប់ពីរិះគន់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងមហាអំណាចចិន ស្រាប់តែនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតមហាអំណាចអាមេរិក ប្រចាំនៅកម្ពុជា បានបន្តផ្សាយខ្លឹមសារនៅលើ Facebook របស់ខ្លួន បន្តរិះគន់សមិទ្ធផលរបស់ចិនវិញម្តង នោះគឺទំនប់វារីអគ្គិសនីដ៏ធំមួយនៅប្រទេស Ecuador។

ស្ថានទូតអាមេរិកបានចាត់ទុកថា សំណង់ទំនប់វារីអគ្គិសនីដ៏ធំរបស់ចិន ដែលសង់នៅប្រទេស Ecuador ជាសំណង់គ្មានគុណភាព និងមិនគិតពីសុវត្ថិភាព នាំឲ្យប្រជាជននៅតំបន់នោះរងគ្រោះ ដោយសារទឹកជំនន់ជាញឹកញាប់។

តាមរយៈ Facebook របស់ស្ថានទូតអាមេរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិក បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា «ពីរឆ្នាំក្រោយ ពីក្រុមហ៊ុនសំណង់រដ្ឋចិន បានសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ នៅប្រទេស Ecuador ទំនប់នេះដូចជាគ្មានដំណើរការសោះ។ សំណង់គ្មានគុណភាព និងការមិនគិតពីស្តង់ដាសុវត្ថិភាព មានន័យថា កសិករនៅផ្នែកខាងក្រោមត្រូវទទួលរងការជន់ លិចជាញឹកញាប់។ សូមអានបន្តស្តីពីគំរោងសាងសង់នេះ ក្រោមគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ហើយនិងបញ្ហារបស់វាទាក់ទងនឹងកង្វះតម្លាភាព និងគណនេយ្យភាពនៅត្រង់នេះ។ តើអ្នកមើលឃើញរូបភាពរួមទេ?»

ភ្លាមៗអង្គភាពព័ត៌មាន Fresh News មិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជានៅឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ក៏បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។

ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើ Facebook របស់ខ្លួន ដោយធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»

ស្ថានទូតអាមេរិក បានបន្តទៀតថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»

ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបធ្ងន់ៗទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញ ដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។

លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៉ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕